(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីជាប់ឆ្នោត បន្ទាប់ពីបានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០នេះ ដោយទទួលបានអង្គបោះឆ្នោត២៩០ ទល់នឹង២១៤។ លោក ត្រំា មិនបានទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ហើយសន្យាថានឹងតតាំង តាមផ្លូវតុលាការ ខណៈលទ្ធផលផ្លូវការ ឬប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវបានប្រកាសនៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ ជាពេលដែលអង្គបោះឆ្នោត ទាំង៥៣៨រូប បោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីដោយផ្ទាល់។

យ៉ាងណាក៏ដោយ ថ្វីបើលទ្ធផលនេះមិនទាន់ផ្លូវការ តែមេដឹកនាំពិភពលោកនានា បានផ្ញើសារអបអរជ័យជម្នះរបស់លោក បៃដិន ជាបន្តបន្ទាប់ហើយគេក៏រំពឹងខ្ពស់ដែរថាលោក បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ និងជាអ្នកត្រូវផ្សះរបួសដែលលោក ដូណាល់ ត្រាំ បានបង្កឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រោមអាណត្តិដឹកនាំដោយរដ្ឋបាលលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានប្រកាន់ជំហរយ៉ាងតឹងរ៉ឹងចំពោះចិន ចាប់ពីវិស័យពាណិជ្ជកម្ម យោធា បច្ចេកវិទ្យា កូវីដ១៩ រហូតដល់សំណុំរឿងសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។ លោក ត្រាំ ក៏បានបង្កភាពតានតឹងជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ អាស៊ី ដោយគំរាមដកកងទ័ពរបស់ខ្លួនចេញពីជប៉ុន និងកូរ៉េខាងត្បូង ហើយងាកទៅបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

នៅកំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក ចូ បៃដិន ហាក់ដូចជាបង្ហាញពីគោលជំហរតឹងរ៉ឹងចំពោះចិន ដូចគ្នាទៅនឹងលោក ត្រាំដែរ ដោយលោកបាន ហៅលោកប្រធានាធិបតីចិន ស៊ី ជិនពីង ថា «ជនដែលប្រព្រឹត្ដបទឧក្រិដ្ឋជាមុខរបរ» ហើយដែលនេះធ្វើឱ្យអ្នកវិភាគខ្លះយល់ថាគោលជំហរតឹងរ៉ឹងចំពោះចិន របស់លោក ត្រាំ អាចនឹងនៅតែរក្សាដដែលក្រោមរដ្ឋបាលលោក បៃដិន ទាស់ខុសគ្នាត្រង់វិធីសាស្ត្រអនុវត្តតែប៉ុណ្ណោះ។ ដូច្នេះតើអាណត្តិជាប្រធានាធិបតីរ បស់ លោក បៃដិន នឹងមានន័យយ៉ាងដូចម្ដេចចំពោះតំបន់អាស៊ី?

*បច្ចេកវិទ្យា និងចិន

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បៃដិន ធ្លាប់បាននិយាយថាអតីតអនុប្រធានាធិបតីអាមេរិករូបនេះនឹងដឹកនាំសហរដ្ឋអាមេរិក ទទួលបានជ័យជម្នះ ក្នុងការប្រកួតប្រជែងដើម្បីអនាគត ប្រឆាំងទល់នឹងចិន។ មិនតែប៉ុណ្ណោះ លោក បៃដិនផ្ទាល់ក៏ធ្លាប់សន្យាដែរថានឹងវិនិយោគយ៉ាងសម្បើមលើបច្ចេកវិទ្យាថ្មី ក្រោមផែនការសេដ្ឋកិច្ចមួយដែលលោកហៅថា «Buy American» ឬមានន័យទិញផលិតផលអាមេរិក។ ផែនការនេះក្នុងនោះរួមបញ្ចូលទាំងកញ្ចប់ថវិកា ៣០០ពាន់លានដុល្លារ សម្រាប់បច្ចេកវិទ្យាថ្មី រាប់ចាប់ពីរថយន្ដអេឡិចត្រូនិក បច្ចេកវិទ្យា 5G និងបញ្ញាសប្បនិម្មិតដែលវិស័យទាំងនេះចិនហាក់ដូចជាកំពុងនាំមុខ គេ។

ក៏ប៉ុន្តែ ក្រុមយុទ្ធនាការឃោសបោះឆ្នោតរបស់លោក បៃដិន មិនបានបញ្ជាក់លម្អិតពីវិធានការ ដែលលោកនឹងត្រូវដាក់ចេញប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន ឬក៏ថាតើរដ្ឋបាលរបស់លោកនឹងដាក់ទណ្ឌកម្ម ឬបញ្ចួលក្រុមហ៊ុនចិនដូច Huawei ទៅក្នុងបញ្ជីខ្មៅ ដូចលោក ត្រាំ ធ្លាប់ធ្វើដែរឬក៏យ៉ាងណានោះទេ។ ការសិក្សា ស្រាវជ្រាវចេញផ្សាយកាលពីខែតុលាកន្លងទៅ ដោយមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថា ៧១ភាគរយ នៃគំនិតថ្នាក់ដឹកនាំអាមេរិក គឺជឿជាក់ថាក្រុមហ៊ុន Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាចិនដទៃទៀត គួរតែត្រូវបានហាមឃាត់មិនឱ្យ ចូលរួមក្នុងទីផ្សារបច្ចេកវិទ្យា 5G របស់សហរដ្ឋអាមេរិក។ ចំណែកឯ ជាងពាក់កណ្ដាលទៀត យល់ថាអាមេរិក គួរតែបញ្ឈប់ ឬហាមឃាត់រាល់ការនាំចេញទៅកាន់ ក្រុមហ៊ុនចិនទាំងនេះ។

ជុំវិញបញ្ហានេះដែរ លោក Scott Kennedy ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ប្រចាំ CSIS យល់ថារដ្ឋបាលលោក ចូ បៃដិន អាចនឹងប្រមូលកម្លាំង ឬក៏ធ្វើការជាមួយសម្ព័ន្ធ មិត្តរបស់ខ្លួនដើម្បីប្រឆាំងនឹងចិន។ លោកបន្ថែមថាលោក បៃដិន អាចនឹងប្រើយុទ្ធសាស្ត្រមួយចំនួនរបស់លោក ត្រាំ ក្នុងនោះមានដូចជាគ្រប់គ្រងការនាំចេញនិងការរឹតត្បិតលើការវិនិយោគជាដើម តែទាស់ខុសគ្នាត្រង់ការអនុវត្ត។

 *ពាណិជ្ជកម្ម

លោក ចូ បៃដិន ធ្លាប់បានអះអាងថាលោកចង់ធ្វើការសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រមូលសម្ពាធដាក់លើទីក្រុងទីក្រុងប៉េកាំង។ សង្រ្គាមពាណិជ្ជកម្មរបស់ លោក ត្រាំ ជាមួយចិន បានធ្វើឱ្យសេដ្ឋកិច្ចសកលខាតបង់រាប់ពាន់លានដុល្លារ។ ម្យ៉ាងវិញទៀត ទោះបីជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ក៏ដោយ ក៏អាត្រានៃការដំឡើងពន្ធរបស់អាមេរិក លើទំនិញនាំចូលមកពីចិន នៅតែស្ថិតក្នុងកម្រិត១៩.៣ភាគរយដដែល ពោលគឺអាត្រានេះខ្ពស់ជាង៦ដង បើធៀបទៅនឹង មុនពេល សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំង២ផ្ទុះឡើងក្នុងឆ្នាំ២០១៨ ខណៈអាត្រាដំឡើងពន្ធរបស់ចិនលើទំនិញនាំចូលពីអាមេរិកមានរហូតដល់២០.៣ភាគ រយ។ នេះបើតាមវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (Peterson Institute for International Economics)។

លោក ចូ បៃដិន បានហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ជាមួយចិន គឺជា «កិច្ចព្រមព្រៀងទទេស្អាត» ដោយមិនទាន់អាចដោះស្រាយការធ្វើពាណិជ្ជកម្មមិនស្មើភាព និងការលួចកម្មសិទ្ធិបញ្ញា បាននៅឡើយទេ។ លោក បៃដិន ថែមទាំងបានសន្យាទៀតផងថា លោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីផ្លាស់ប្ដូរអាកប្បកិរិយារបស់ចិន។ លោកស្រី Wendy Cutler ជាអនុប្រធានវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បាននិយាយថាលោក ចូ បៃដិន ចាំបាច់ត្រូវតែកសាងទំនុកចិត្តឡើងវិញ នៅក្នុងតំបន់អាស៊ី ហើយបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកគឺមានបំណងចូលរួម ក្នុងពាណិជ្ជកម្មសេរីពហុភាគី ជាជាងគិតតែពីប្រយោជន៍ខ្លួនឯងហួសហេតុពេក។

*សមុទ្រចិនខាងត្បូង

កាលពីឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី លោក បៃដិន បានសន្យាថាសហរដ្ឋអាមេរិក នឹងធានាឱ្យបាននូវសេរីភាពនាវាចរណ៍ និងការបើកចំហជើងមេឃ ដោយលោកចង់សំដៅលើតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ កំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក បៃដិន បានសង្កត់ធ្ងន់ ជាថ្មីម្ដងទៀតពីសារៈសំខាន់នៃការពង្រឹងសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្ត ដើម្បីស្ដារភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកឡើងវិញ ហើយនៅក្នុងករណីតំបន់ សមុទ្រចិនខាង ត្បូង គឺមានន័យថាត្រូវបង្កើនការចូលរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។

តាមរយៈការលើកឡើងទាំងនេះ អ្នកជំនាញយល់ថារដ្ឋបាលលោក បៃដិន ប្រហែលជានឹងមិនគិតតែពីការប្រឈមមុខជាមួយចិនតែប៉ុណ្ណោះទេ តែក៏ផ្ដោតផងដែរ លើការដោះស្រាយកង្វល់នានានៃសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រទេសជាដៃគូក្នុងតំបន់។ ប៉ុន្តែអ្វីដែលសំខាន់ បើសិនជាលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីផ្លូវការ នោះអាមេរិកនឹងមានប្រធានាធិបតីម្នាក់ ដែលមានគោលនយោបាយផ្ទាល់ខ្លួន។ នេះគឺជាការគូសបញ្ជាក់របស់លោក Daniel Russel ជាអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្រោមរដ្ឋបាលអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ លោក Russel ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅថា សកម្មភាពរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះក្នុងតំបន់សមុទ្រចិនខាងត្បូង មិនមែនកើតចេញមកពីលោក ដូណាល់ ត្រាំ ផ្ទាល់នោះទេ តែវាគឺជា គោលនយោបាយចេញពីក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណ។

*តៃវ៉ាន់

នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលមានលោក បៃដិន ជាអនុប្រធានាធិបតី សហរដ្ឋអាមេរិកមិនបានអនុញ្ញាតឱ្យមានការលក់អាវុធ ឬបរិក្ខាយោធាមានសមត្ថភាពខ្ពស់ថ្មីៗឱ្យកោះតៃវ៉ាន់ឡើយ។ ដូច្នេះ លោក បៃដិន ក៏ប្រហែលជានឹងមិនលក់អាវុធបែបនេះឱ្យតៃវ៉ាន់ដែរ។ ប៉ុន្តែ នាយកមជ្ឈមណ្ឌល សម្រាប់គោលនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក នៅឯវិទ្យាស្ថានអាមេរិក RAND លោក Rafiq Dossani យល់ថាកម្លាំងចលករដ៏សំខាន់នៃទំនាក់ទំនងរវាងអាមេរិក និងតៃវ៉ាន់ គឺមិនមែនអាស្រ័យលើអាមេរិកនោះទេ តែវាគឺអាស្រ័យលើទំនាក់ទំនងរវាងចិន និងតៃវ៉ាន់។ មានន័យថា បើទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ធ្លាក់ចុះដុន ដាបខ្លាំង នោះលោក បៃដិន អាចនឹងផ្ដល់ការគាំទ្ររឹតតែខ្លាំងដល់តៃវ៉ាន់ ឬចាត់វិធានការតឹងរ៉ឹងចំពោះចិន តែបើស្ថានការណ៍ល្អប្រសើរ នោះលោក បៃដិន ក៏ប្រហែលជានឹងមិនធ្វើសកម្មភាពអ្វីខ្លាំងជាដុំកុំភួននោះដែរ។

*កូរ៉េខាងជើង និងវត្តមានកងទ័ពអាមេរិក ក្នុងតំបន់អាស៊ី

លោក ចូ បៃដិន បានប្រកាសថាលោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាស៊ី ជាពិសេសដូចជាជប៉ុន, កូរ៉េខាងត្បូង,អូស្ត្រាលី និងបណ្ដាប្រទេសដទៃទៀត ក្នុងនោះមាន ទាំងចិន ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ឱ្យបោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត លោកក៏ចង់រឹតបន្តឹងការគ្រប់គ្រងអាវុធនៅក្នុង តំបន់ក្រោមកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីផងដែរ។ គំនិតនយោបាយទាំងនេះ គឺផ្ទុយពីលោក ដូណាល់ ត្រាំ ដែលតែងតែគំរាមដកកងទ័ពអាមេរិកចេញពីជប៉ុន និងកូរ៉េខាងត្បូង បើពួកគេមិនព្រមបង្កើនការចំណាយលើកងទ័ពអាមេរិក ទេនោះ។

ចំពោះសំណុំរឿងកូរ៉េខាងជើង លោក បៃដិន ធ្លាប់បានអះអាងដែរថាលោកនឹងមិនជួបជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌទុកជាមុន ដូចដែលលោក ត្រាំ បានធ្វើនោះទេ ហើយមិនតែប៉ុណ្ណោះលោក ក៏ត្រូវបានគេមើលឃើញដែរថានឹងដើរតាមយុទ្ធសាស្ត្រដ៏យូរអង្វែង និងជាប្រពៃណីរបស់សហរដ្ឋអាមេរិក នោះគឺ ដាក់ទណ្ឌកម្មបិទខ្ទប់សេដ្ឋកិច្ចកូរ៉េខាងជើង និងប្រើការទូតដោះស្រាយនៅពេលមានឱកាសល្អ។ ក៏ប៉ុន្តែ អ្នកជំនាញជាច្រើនយល់ថា ក្រោមរដ្ឋបាលលោក បៃដិន ពិភពលោក អាចនឹងបានឃើញកូរ៉េខាងជើង ធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ ច្រើនជាងរដ្ឋបាលលោក ត្រាំ៕

ប្រភព៖ Nikkei