(វ៉ាស៊ីនតោន)៖ មន្រ្តីស៊ើបការណ៍សម្ងាត់កំពូលម្នាក់ របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចាត់ទុកប្រទេសចិនថា ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពទូទាំងពិភពលោក ដែលមិនធ្លាប់មានចាប់តាំងពី សម័យសង្គ្រាមលោកលើកទី ២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

នាយកទីភ្នាក់ស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក ចន រ៉េតឃ្លីហ្វ (John Ratcliffe) បានគូសបញ្ជាក់នៅក្នុងអត្ថបទមួយ នៅលើគេហទំព័ររបស់កាសែតអាមេរិក Wall Street Journal ថា «ការស៊ើបការណ៍សម្ងាត់គឺច្បាស់ហើយថា ទីក្រុងប៉េកាំងពិតជាមានបំណងត្រួតត្រា លើសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលខាងផ្នែក សេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា ដែលនេះអាចបញ្ជាក់បានថា ចិនបាន និងកំពុងបង្កការគំរាមកំហែង ដ៏ធំបំផុតដល់សហរដ្ឋអាមេរិក ព្រមទាំងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពទូទាំងពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកម្ល៉េះ»

លោក Ratcliffe បានសង្កត់ធ្ងន់បន្ថែមទៀតថា យុទ្ធសាស្រ្តជ្រៀតជ្រែកផ្នែកសេដ្ឋកិច្ចរបស់ចិនមានបីផ្នែក នោះគឺការលួចចម្លង និងជំនួស។ យុទ្ធសាស្រ្តនេះ គឺសម្រាប់ឱ្យអង្គភាពចិនចូលលួច កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាមេរិក ដោយការលួចចម្លង ហើយបន្ទាប់មកដាក់លក់ជំនួសក្រុមហ៊ុនអាមេរិក នៅក្នុងទីផ្សារពិភពលោក។

ជុំវិញការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានវាយបកទៅវិញថា «ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធការលួចចម្លងបច្ចេកវិទ្យា គឺជារឿងគួរឱ្យស្អប់ខ្ពើមណាស់»

គួរបញ្ជាក់ថា ក្រៅពីបញ្ហាខាងលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានប៉ះទង្គិចគ្នាជុំវិញបញ្ហាជាច្រើនទៀត រួមមានការដោះស្រាយរបស់ចិនចំពោះការផ្ទុះឡើង នៃវីរុសកូរ៉ូណា (COVID-19), ការក្ដោបក្ដាប់យ៉ាងតឹងរឹងរបស់ចិន ទៅលើទីក្រុងហុងកុង, ជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង, ការធ្វើពាណិជ្ជកម្ម និងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង (Xinjiang) ផងដែរ។ បញ្ហាទាំងនេះ បាននាំឱ្យទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ច ធំបំផុតទាំងពីរនៅលើពិភពលោក ឈានដល់ចំណុចទាបបំផុត មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ៕