(ម៉ានីល)៖ ប៉ូលិសហ្វីលីពីន នៅថ្ងៃសុក្រនេះ បានព្រមានថាពួកគេនឹងដាក់ពិន័យដោយវាយនឹងរំពាត់ ចំពោះអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងតស៊ូប្រយុទ្ធជាមួយ COVID-19 កំឡុងរដូវកាលបុណ្យណូអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មេបញ្ជាការអង្គភាពប្រយុទ្ធប្រឆាំង COVID-19 លោកឧត្ដមសេនីយ៍ Cesar Binag បានបញ្ជាក់ទៀតថាប៉ូលិស និងទាហានហ្វីលីពីន នឹងត្រូវដើរល្បាត នៅតាមទីសាធារណៈក្នុងរដ្ឋធានីម៉ានីល ដែលជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។ លោក Cesar បន្ថែមថាប៉ូលិស និងទាហាន នឹងកាន់រំពាត់ប្រវែងមួយម៉ែត្រក្នុងដៃ ហើយអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព នឹងត្រូវទទួលពិន័យដោយការវាយនឹងរំពាត់។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer បច្ចុប្បន្ន ហ្វីលីពីនមានអ្នកឆ្លង COVID-19 ៤៣៦,៣៤៥នាក់ ក្នុងនោះស្លាប់ ៨,៥០៩នាក់ និងជាសះស្បើយឡើងវិញ ៣៩៩,៣៤៥នាក់៕