(កង់បេរ៉ា)៖ បុរសម្នាក់ ពិតជាមានសំណាងណាស់ ដែលនៅរស់រានមានជីវិត បន្ទាប់ពីត្រូវបានវាយប្រហារដោយត្រីឆ្លាមពណ៌សដ៏ធំមួយក្បាល នៅក្នុងដែនទឹកនៃឆ្នេរសមុទ្រកោះ កុងហ្គូរូ (Kangaroo) ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

បុរសវ័យ ២៩ឆ្នាំខាងលើ កំពុងជិះបន្ទះក្ដារលើរលក កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ នៅពេលដែលគាត់ត្រូវបានត្រីឆ្លាមខាំជាច្រើនដង។ ក្រុមប៉ូលិសអូស្រ្តាលី ក្នុងរដ្ឋ South Australia បានឲ្យដឹងថា ជនរងគ្រោះបានវិលត្រឡប់មករកច្រាំងសមុទ្រ ជាកន្លែងដែលគាត់បានស្វែងរកជំនួយពីសាធារណៈជន និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kingscote។ ក្រោយមក គាត់ត្រូវបានគេបញ្ជូនតាមជើងហោះហើរជាង ១០០គីឡូម៉ែត្រទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Flinders នៅទីក្រុង Adelaide ហើយបច្ចប្បន្នគាត់កំពុងស្ថិត ក្នុងស្ថានភាពល្អប្រសើរឡើងវិញ។

ជុំវិញបញ្ហាខាងលើ អភិបាលកោះ Kangaroo លោក Michael Pengilly បាននិយាយថា លោកមិនមានការភ្ញាក់ផ្អើលចំពោះឧប្បត្តិហេតុនេះទេ។ កោះ Kangaroo គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយដែលត្រូវបានគេស្គាល់ថា ជាកោះដែលហ៊ុមព័ទ្ធដោយសត្វចម្រុះ។

លោក Pengilly បានគូសបញ្ជាក់ប្រាប់សារព័ត៌មានអូស្រ្តាលី (ABC) ដូច្នេះថា៖ «មានកន្លែងជិះបន្ទះលើរលកជាច្រើននៅជុំវិញកោះនោះ… ហើយជាការពិតណាស់វាមានសត្វ តោសមុទ្រ និងត្រីឆ្លាមជាច្រើន ដែលរស់នៅជុំវិញដែនទឹកនោះផងដែរ ជាពិសេស គឺនៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Kangaroo។ ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងនឹងចូលទៅកាន់ទឹកដីរបស់ពួកវា»

លោក Pengilly បានបន្ថែមថា៖ «វាមានរយៈពេលជាយូរមកហើយ ចាប់តាំងពីយើងបានជួបប្រទះនឹងឧប្បត្តិហេតុនេះនៅលើកោះ Kangaroo… ហើយត្រីឆ្លាមទាំងនោះ គឺមានតិចតួចបំផុត និងរស់នៅឆ្ងាយផងដែរ ដូច្នេះឆ្នេរសមុទ្ររបស់យើង គឺមានសុវត្ថិភាពច្រើនក្នុងការហែលទឹក»

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន The Australian រដ្ឋ South Australia នៃប្រទេសអូស្រ្តាលី បានឃើញការវាយប្រហារដោយត្រីឆ្លាមដ៏សាហាវចំនួន៥ដងក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ ជាមួយនឹងការវាយប្រហារថ្មីៗបំផុតកាលពីឆ្នាំ២០១៤ ដែលពេលនោះលោក Sam Kellett អាយុ ២៨ឆ្នាំបានស្លាប់ដោយសារការវាយប្រហារដោយ ត្រីឆ្លាមពណ៌សដ៏ធំមួយ ខណៈពេលដែលគាត់កំពុងធ្វើសកម្មភាពគប់ត្រីនៅក្នុងសមុទ្រ។

អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មអូស្រ្តាលី (CSIRO) ក្នុងឆ្នាំ២០១៨ បានចេញផ្សាយការសិក្សាមួយដែលបានរកឃើញថា ត្រីឆ្លាមពណ៌សធំពេញវ័យប្រមាណ ១,៤៦០ក្បាលរស់នៅ ក្បែរឆ្នេរសមុទ្រភាគខាងត្បូង និងខាងលិចនៃប្រទេសអូស្ត្រាលី៕