(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ១,៦០០ករណីបន្ថែមទៀត ត្រូវបានរកឃើញ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី២ បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៣ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០២នាក់បន្ថែទៀតផងដែរ។

ជាសរុប ចំនួនករណីឆ្លងនៅទូទាំងប្រទេសរហូតមកទល់ពេលនេះ មាន ៧៤,២៩៤ករណី ក្នុងនោះស្លាប់ ៣៨២នាក់ និងជាសះស្បើយ ៦១,២៧៣នាក់ ឬស្មើនឹង៨៤.៣%៕