(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីធានាឱ្យបាននូវអាទិភាពទទួលបានវ៉ាក់សាំង COVID-19 ដែលរដ្ឋាភិបាលអាមេរិកបញ្ជាទិញ ទុកចាក់ជូនប្រជាជនអាមេរិក មុននឹងផ្គត់ផ្គង់ទៅក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

បើតាមមន្ត្រីអាមេរិកម្នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បទបញ្ជប្រតិបត្តិខាងលើ ក៏នឹងបង្កើតរបៀបវារៈមួយ សម្រាប់ទីភ្នាក់ងារទាំងឡាយ នៃរដ្ឋាភិបាលអាមេរិក ឲ្យជួយដល់បណ្ដាប្រទេសដទៃ ដើម្បីទិញ ឬទទួលបានវ៉ាក់សាំងផងដែរ។

ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើហេតុអ្វី បានជាបទបញ្ជាខាងលើ ត្រូវការជាចាំបាច់ក្នុងការធានា ការផ្គត់ផ្គង់វ៉ាក់សាំង នៅក្នុងសហរដ្ឋអាមេរិកជាមុននោះទេ ក៏ប៉ុន្តែបើឈរលើគោលនយោបាយ តម្កល់ផលប្រយោជន៍អាមេរិក មុនគេរបស់លោក ដូណាល់ ត្រាំ ក្រុមមន្ត្រីអាមេរិកជឿជាក់ថា ការចែកចាយវ៉ាក់សាំង គឺត្រូវតែធ្វើឱ្យស្របទៅតាមគោលនយោបាយនេះ។

គួរបញ្ជាក់ថា សេតវិមាននៃប្រធានាធិបតីដូណាល់ ត្រាំ នឹងបើកកិច្ចប្រជុំកំពូលមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាលើគ្នានីតិវិធីចែកចាយវ៉ាក់សាំង ខណៈវ៉ាក់សាំង COVID-19 ត្រូវបានគេរំពឹងថា នឹងត្រូវចាប់ផ្ដើមចាក់ជូនប្រជាជនអាមេរិក ឱ្យបានមុនថ្ងៃបុណ្យណូអែល។ ក្រុមមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន មិនត្រូវបានអញ្ជើញឱ្យចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនេះឡើយ៕