(តូក្យូ)៖ លោកនាយករដ្ឋមន្ត្រី ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បានថ្លែងនៅព្រឹកថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងរៀបចំអនុវត្ត ផែនការជំរុញសេដ្ឋកិច្ចឡើងវិញ តាមរយៈកញ្ចប់ថវិកាសង្គ្រោះ ៧៣.៦ទ្រីលានយ៉េន ឬស្មើនឹង ៧០៨ពាន់លានដុល្លារអាមេរិក ខណៈវិបត្តិនានាបង្កឡើង COVID-19 កំពុងញំញីប្រទេសសេដ្ឋកិច្ចយក្ស លំដាប់លេខ ៣ លើលោកមួយនេះនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បានធ្វើការគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃគណបក្សកាន់អំណាចជប៉ុន (LDP) ទៀតថា កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចថ្មីខាងលើនេះ ក៏នឹងរួមបញ្ចូលផងដែរ នូវការចំណាយនៃឆ្នាំសារពើពន្ធ ដែលមានទឹកប្រាក់សរុប ៤០ទ្រីលានយ៉េន។ ការសម្រេចចុងក្រោយ និងជាផ្លូវការអំពីកញ្ចប់ថវិកាទាំង ៧០៨ពាន់លានដុល្លារខាងលើនេះ នឹងត្រូវធ្វើនៅថ្ងៃអង្គារនេះតែម្តង។

បើតាមការជឿជាក់របស់លោក ស៊ូហ្គា កញ្ចប់ថវិកាខាងលើនេះ នឹងជួយជំរុញ «ការកើនឡើងសេដ្ឋកិច្ចជប៉ុនជាថ្មី» ចំពោះមុខបញ្ហានានា ដែលបាននិងកំពុងបង្កឡើងដោយជំងឺ COVID-19។ សេដ្ឋកិច្ចជប៉ុនបានស្គាល់សញ្ញាងើបឡើងវិញបន្តិច កាលពីត្រីមាសទី ៣ ឆ្នាំ២០២០ (ចាប់ពីខែកក្កដា ដល់ខែកញ្ញា) បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុក កាលពីអំឡុងត្រីមាសទី ២ (ចាប់ពីខែមេសា ដល់ខែមិថុនា)៕