(ម៉ូស្គូ)៖ រុស្ស៊ីធ្លាប់តែប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ តាមរយៈការលក់អាវុធ និងឧស្ម័ន ក៏ប៉ុន្តែការឆ្លងរាតត្បាត COVID-19 បានផ្ដល់ឱ្យទីក្រុង ម៉ូស្គូ នូវមធ្យោបាយថ្មីមួយ ដើម្បីបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន នោះគឺ«វ៉ាក់សាំង»។

ការប្រកាសរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែសីហាកន្លងទៅ ពីការចុះបញ្ជីទទួលស្គាល់វ៉ាក់សាំងរុស្ស៊ី Sputnik V ដំបូងគេលើពិភពលោក បានបង្ក ភាពភ្ញាក់ផ្អើលលាយឡំជាមួយការសង្ស័យជាច្រើនពីសំណាក់បណ្ដាប្រទេសលោកខាងលិច។ ក្រុមអ្នកវិទ្យាសាស្ត្រលោកខាងលិចភាគច្រើន បានបង្ហាញការសង្ស័យ និងចោទថារុស្ស៊ីហាក់ដូចជាប្រញាប់ប្រញាលពេក ក្នុងការចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង Sputnik V ដ្បិតវ៉ាក់សាំងនេះ មិនទាន់បានឆ្លងកាត់ដំណាក់កាលធ្វើតេស្ដ ចុងក្រោយ ហើយទិន្នន័យពីលទ្ធផលធ្វើតេស្ដ ក៏មិនត្រូវបានចេញផ្សាយជាសាធារណៈនោះដែរ។

មិនតែប៉ុណ្ណោះ ទោះបីជាអ្នកអភិវឌ្ឍវ៉ាក់សាំងរុស្ស៊ី អះអាងថា Sputnik V មានប្រសិទ្ធភាពការពារមនុស្សពី COVID-19 ដល់ទៅ៩៥ភាគរយ ផ្អែកលើលទ្ធផលតេស្ដ បឋមពីដំណាក់កាលចុងក្រោយក៏ដោយ ក៏ទិន្នន័យពេញលេញមិនទាន់ត្រូវចេញផ្សាយនោះទេ ខណៈការធ្វើតេស្ដកំពុងដំណើរការនៅឡើយ។

តែទោះជាបែបនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយមួយចំនួនដូចជា លោកស្រី Tatiana Stanovaya ជាស្ថាបនិកមជ្ឈមណ្ឌល R Politik យល់ថាក្រៅពីសេវាសុខា ភិបាលសាធារណៈ វ៉ាក់សាំងក៏នឹងផ្ដល់ផងដែរឱ្យទីក្រុងម៉ូស្គូ នូវមធ្យោបាយថ្មីមួយដើម្បីបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយ នៅលើឆាកអន្តរជាតិក៏ដូចជា គូសបញ្ជាក់ពីការផ្ញើសារទៅកាន់ពិភពលោក ក្រោមការដឹកនាំជាង ២ទសវត្សរមកនេះរបស់លោកពូទីន នោះគឺ «រុស្ស៊ីត្រឡប់មកវិញហើយ»

លោកស្រី Stanovaya បានគូសបញ្ជាក់ដូច្នេះថា៖‍ «វា (វ៉ាក់សាំង)គឺជាមធ្យោបាយមួយសម្រាប់លោក ពូទីន បង្ហាញថារុស្ស៊ីមានសមត្ថភាពអភិវឌ្ឍបច្ចេកវិទ្យាដ៏ ស្មុគស្មាញ និងជាប្រទេសឈរនៅលំដាប់កំពូលក្នុងលោក ខាងវិទ្យាសាស្ត្រ»។ លោកស្រីបន្ថែមថា លោកពូទីន ចង់បង្ហាញថារុស្ស៊ីកំពុងឈានមុខគេក្នុងការប្រយុទ្ធ ជាមួយ COVID-19 និងទទួលបានជោគជ័យមុន ឬច្រើនជាងបណ្ដាប្រទេសអភិវឌ្ឍដទៃក្នុងលោក។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូនេះ រុស្ស៊ីបានប្រកាសថាវ៉ាក់សាំង Sputnik V ១.២ពាន់លានដូស ត្រូវបានបញ្ជាទិញពីបណ្ដាប្រទេសមួយចំនួន នៅជុំវិញពិភពលោក។ តែព្រមពេលជាមួយគ្នា អាជ្ញាធររុស្ស៊ី បានឱ្យដឹងថាវ៉ាក់សាំងត្រឹមតែ២លានដូសប៉ុណ្ណោះ នឹងត្រូវបានផលិតក្នុងប្រទេស នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដែលនេះស្ថិតនៅកម្រិតទាបដែលចាំបាច់ក្នុងការពារប្រជាជនរុស្ស៊ីជាង ១៤៥លាននាក់ ដែលត្រូវការចាក់វ៉ាក់សាំងម្នាក់ពីរដូស៕

ប្រភព៖ CNA (ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០)