(សិង្ហបុរី)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) និងក្រុមហ៊ុន Changi Airport Group (CAG) នៅថ្ងៃអង្គារនេះ បានប្រកាសជាចំហថា សិង្ហបុរីអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការចែកចាយវ៉ាក់សាំង COVID-19 ទៅកាន់តំបន់នានា ក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក Ho Yuen Sang ជានាយកឧស្សហកម្មអាកាសចរណ៍របស់ CAAS បានបញ្ជាក់ថា សិង្ហបុរីអាចចែកចាយវ៉ាក់សាំង ទៅកាន់តំបន់ទាំងឡាយ ដែលមានហេដ្ឋារចនាសម្ព័ន្ធបង្កការលំបាកក្នុងការដឹកជញ្ជូនវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន ឬតម្រូវឱ្យមានការដឹកជញ្ជូនវ៉ាក់សាំង ក្នុងចំនួនតិចតួច។ បន្ថែមពីលើនេះ ក្រុមហ៊ុន Changi Airport Group ក៏បានអះអាងដែរថា ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការដឹកជញ្ជូនវ៉ាក់សាំងជាអាទិភាព ហើយក៏បានត្រៀមយន្ដហោះ Boeing 747-400 ៧គ្រឿងផងដែរ។

គួរបញ្ជាក់ថា បើតាមលោក Ho Yuen Sang គ្រាន់តែក្រុមហ៊ុន Singapore Airlines (SIA) តែមួយ គឺមានយន្ដហោះដឹកអ្នកដំណើរច្រើនជាង២០០គ្រឿង ដែលត្រៀមខ្លួនជាស្រេច ដើម្បីដឹកជញ្ជូនវ៉ាក់សាំងទៅកាន់គោលដៅជាច្រើន ទៅតាមតម្រូវការ៕