(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្ម ដែលបានធ្វើឡើងដោយក្រសួងការបរទេសអាមេរិក លើសមាជិកសភាជាន់ខ្ពស់នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) ដោយហៅទង្វើនេះថា«ជាការសម្លុតគំរាមផ្នែកនយោបាយ»។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

ការដាក់ទណ្ឌកម្មលើសមាជិកសភាជាន់ខ្ពស់ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ NPC ដោយក្រសួងការបរទេសអាមេរិកនេះ បានធ្វើឡើងក្រោមហេតុផលថា ពួកគេបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការដកសិទ្ធិតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សប្រឆាំងនៅក្នុងសភាហុងកុង។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋចិន បានហៅទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនខាងលើនេះ ថាជាការរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ៕