(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា វ៉ាក់សាំង COVID-19 មួយចំនួន ទំនងជាអាចនឹងទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រើប្រាស់ នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ខណៈប្រជាជនយ៉ាងហោចណាស់ ៣០០លាននាក់ អាចនឹងត្រូវបញ្ចូលក្នុងបញ្ជី នៃអ្នកដែលមានអាទិភាពទទួលបាន ការចាក់វ៉ាក់សាំងក្នុងផែនការដំបូង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

បើតាមក្រសួងការសុខាភិបាលឥណ្ឌា ក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ០៣ បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ប្រើប្រាស់វ៉ាក់សាំងក្នុងករណីបន្ទាន់ នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើលោកមួយនេះ ហើយក្រុមហ៊ុនទាំង ៣ នេះរួមមាន ក្រុមហ៊ុនអង់គ្លេស AstraZeneca, ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនឥណ្ឌា ប៉ារ៉ាត បាយអូធិច (Bharat Biotech)។

គួរបញ្ជាក់ថា ឥណ្ឌាដែលមានប្រជាជនសរុប ១.៣៥ពាន់លាននាក់ មានផែនការចាក់វ៉ាក់សាំងដំបូងលើប្រជាជន ៣០០លាននាក់។ ក្នុងចំណោមអ្នកទាំងនេះរួមមាន បុគ្គលិកសុខាភិបាល ១០លាននាក់, បុគ្គលិកជួរមុខប្រយុទ្ធជាមួយ COVID-19 រួមមានទាំងប៉ូលិស និងយោធា ២០លាននាក់ ហើយ ២៧០លាននាក់ទៀត គឺជាប្រជាជនមានអាយុច្រើនជាង ៥០ឆ្នាំ ឬជនងាយរងគ្រោះបំផុត។ ក្រសួងសុខាភិបាលឥណ្ឌា មានគម្រោងសម្រេចឱ្យបាន លើការចាក់វ៉ាក់សាំងជូនប្រជាជនទាំងនេះ នៅត្រឹមខែសីហា ឆ្នាំ២០២១៕