(អាមេរិក)៖ មហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) បាននិយាយថា លោកមិនអាចក្លាយជាសហគ្រិនដ៏ជោគជ័យបានឡើយ ប្រសិនបើលោកមិនបានធ្វើអន្តោប្រវេសន៍ ពីប្រទេសអាហ្រ្វិកខាងត្បូង មកកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩២។ ប៉ុន្តែលោក Musk មានសារមួយជូនដល់រដ្ឋាភិបាលអាមេរិកថា រដ្ឋាភិបាលមិនគួរធ្វើជារនាំង ចំពោះក្រុមហ៊ុននានា ក្នុងការបង្កើនភាពច្នៃប្រឌិតឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំកំពូល CEO WSJ លោក Musk បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជារឿងមិនសមស្រប ដែលត្រូវចាត់ទុករដ្ឋាភិបាល និងឧស្សាហកម្មនានា ជាអង្គភាពដាច់ដោយឡែកពីគ្នា...»។ លោក Musk បានកត់សម្គាល់ទៀតថា សហរដ្ឋអាមេរិកគឺដែនដីនៃភាពច្នៃប្រឌិត និងការជំរុញភាពជាសហគ្រិន ប៉ុន្តែបទប្បញ្ញត្តិនានារបស់រដ្ឋាភិបាល គឺកំពុងរារាំងដល់អនាគតនៃការបង្កើតថ្មី។

លោក Musk បានថ្លែងទៀតថា «យើងចាប់ផ្តើមមានការប្រុងប្រយ័ត្ន ចំពោះបទប្បញ្ញត្តិនានា និងការិយាធិបតេយ្យបន្តិចម្តងៗ។ ប្រសិនបើរដ្ឋាភិបាល នៅតែបន្តបង្កើតច្បាប់បន្ថែមទៀត ដោយមិនគិតគូរពីអ្នកដទៃ នៅក្នុងដំណើរការនោះ យើងនឹងមិនអាចធ្វើអ្វីបានឡើយ»

លោក Musk ក៏បានទទូចផងដែរថា «រដ្ឋាភិបាលគួរដើរតួជាអាជ្ញាកណ្តាល ដើម្បីបង្កើតច្បាប់សម្រាប់ការប្រកួតប្រជែង ហើយធានាថា ច្បាប់ទាំងនេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ រដ្ឋាភិបាលធ្វើខុស គឺនៅពេលពួកគេមិនត្រឹមតែចង់ធ្វើជា អាជ្ញាកណ្តាលនៅលើទីលានប៉ុណ្ណោះទេ តែពួកគេចង់ថែមទាំងចង់ក្លាយជាអ្នកលេង នៅលើទីលាននោះថែមទៀត»។ លោក Musk បានសង្កត់ធ្ងន់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋាភិបាលគួរផ្តោតលើ ការលើកទឹកចិត្តចំពោះលទ្ធផល ជាជាងដើរនៅផ្លូវដើម្បីរារាំងនោះទេ។

គួរបញ្ជាក់ថា លោក Musk ក្នុងវ័យ ៤៩ឆ្នាំបានមកដល់សហរដ្ឋអាមេរិក កាលពីលោកមានអាយុ ១៧ឆ្នាំជាមួយនឹងប្រាក់ ២,០០០ដុល្លារ, កាបូបស្ពាយ ព្រមទាំងវ៉ាលីដែលពេញទៅដោយសៀវភៅ។ បច្ចុប្បន្ននេះ បើតាមតារាងស្ថិតិមហាសេដ្ឋីរៀបចំដោយ Bloomberg លោក Elon Musk មានទ្រព្យសម្បត្តិសរុបចំនួន ១៤៧ពាន់លានដុល្លារ៕