(អាមេរិក)៖ រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) នៅទីបំផុតបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិកតែម្តង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។

FDA បានប្រកាសថា ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើង ក្រោយពីស្ថាប័នពាក់ព័ន្ធនានា ចំណុះឲ្យអាជ្ញាធរសុខាភិបាលអាមេរិកដ៏ធំមួយនេះ សុទ្ធតែបានបោះឆ្នោតគាំទ្រ និងជំរុញឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) របស់ក្រុមហ៊ុន Pfizer/BioNTech នៅក្នុងករណីបន្ទាន់។ បើតាម FDA ការបញ្ជូនវ៉ាក់សាំង ៣លានដូសដំបូង ទៅកាន់តំបន់ប្រឈមមុខខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក ចូ បៃដិន ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ធ្លាប់បានប្តេជ្ញាថា លោកនឹងជំរុញឲ្យចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនអាមេរិកឲ្យបាន ១០០លាននាក់ នៅរយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក៕