(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៩៥០នាក់ទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រ ម្សិលមិញនេះ ដែលវាជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីកូរ៉េខាងត្បូង រកឃើញករណីឆ្លងជំងឺនេះដំបូងៗ កាលពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើនេះ ៩២៨នាក់គឺជាករណីឆ្លងក្នុងសហគមន៍ និង ២២នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។ ក្រោយការបូកសរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ៤១,៧៣៦ករណី ក្នុងនោះស្លាប់ ៥៧៨នាក់ និងជាសះស្បើយវិញជាង ៣១,០០០នាក់។

ចំពោះករណីឆ្លង COVID-19 ថ្មីៗនៅកូរ៉េខាងត្បូងនេះបានគេមើលឃើញថា ៧០% បានកើតមាននៅរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ។ កូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ ក៏បានប្រកាសដាក់ពង្រាយយោធាផងដែរ នៅក្នុងទីក្រុងសេអ៊ូល ដើម្បីគាំទ្របុគ្គលិកសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈមន្ទីរពេទ្យកុងតឺន័រត្រូវបានបង្កើនចំនួន ដើម្បីត្រៀមទទួលអ្នកជំងឺ ដែលនឹងបន្តកើនឡើងថែមទៀត។ នេះបើយោងតាមការព្យាករណ៍។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញវ៉ាក់សាំង COVID-19 អភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ចំនួន ២០លានដូស, ក្រុមហ៊ុន Moderna ចំនួន ២០លានដូស និងក្រុមហ៊ុន AstraZeneca ចំនួន ២០លានដូស។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូងក៏ត្រៀមទិញវ៉ាក់សាំង ០៤លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson ផងដែរ ហើយដែលវ៉ាក់សាំងទាំងនេះគឺ គ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួន ៣៤លាននាក់ នៃប្រជាជនសរុប ៥១.៨លាននាក់៕