(ម៉ូស្គូ)៖ អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានជំរុញឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន រក្សាទុកនូវគោលនយោបាយ ការបរទេសដ៏សំខាន់ចំនួន៣ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកជាផ្លូវការ នៅខែមករា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី Nikki Haley ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងអត្ថបទបញ្ចេញមតិមួយចេញផ្សាយដោយសារព័ត៌មាន Washington Post នៅក្នុងសប្ដាហ៍នេះ។ បើតាមលោកស្រី Nikki Haley គោលនយោបាយការបរទេសដ៏សំខាន់ចំនួន៣ របស់លោក ដូណាល់ ត្រាំ ដែលលោក បៃដិន គួរតែរក្សាទុកនោះគឺ គោលនយោបាយតឹងរ៉ឹងចំពោះចិន, អ៉ីរ៉ង់ ព្រមទាំងកិច្ចព្រមព្រៀងសន្តិភាពរវាងអារ៉ាប់ និងអ៉ីស្រាអែល ដែលលោក ត្រាំ បានបញ្ចុះបញ្ចូលដោយជោគជ័យឱ្យប្រទេសអារ៉ាប់ដូចជា អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែនជាដើម យល់ព្រមភ្ជាប់ទំនាក់ទំនងការទូត ជាមួយអ៉ីស្រាអែល។ លោកស្រី បន្ថែមថា វាគឺជាកំហុស បើសិនជាលោក បៃដិន ហ៊ានលុបចោលគោលនយោបាយទាំងនេះ ព្រោះវានឹង បំផ្លាញផលប្រយោជន៍ និងសុវត្ថិភាពរបស់ប្រជាជនអាមេរិក។

គួរបញ្ជាក់ថា អង្គបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទកន្លងទៅ បានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ជាផ្លូវការ បើទោះជាលោក ដូណាល់ ត្រាំ នៅតែចោទថាការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ ត្រូវបានលួចបន្លំក៏ដោយ។ ការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ដោយអង្គបោះឆ្នោត ត្រូវគេរំពឹងថានឹងត្រូវបានសភាទាំង២ ទទួលស្គាល់ជាចុងក្រោយនៅថ្ងៃទី០៦ ខែមករា ហើយលោក បៃដិន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕