(បាងកក)៖ ក្រសួងសេដ្ឋកិច្ចឌីជីថលនៃប្រទេសថៃ កំពុងត្រៀមដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌកម្ម ពីបទប្រមាថព្រះមហាក្សត្រថៃ ទៅលើអតីតមេបក្សប្រឆាំងដ៏លេចធ្លោគឺលោក ថាណាថន ជួងរូងរួងឃីត (Thanathorn Juangroongruangkit)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

យ៉ាងណាមិញក្រសួងសេដ្ឋកិច្ចឌីជីថលមិនបានបញ្ជាក់ថា ពាក្យបណ្តឹងពីបទល្មើសខាងលើនឹងត្រូវធ្វើឡើង ដោយយោងលើទង្វើមួយណារបស់លោក Thanathorn ប៉ុន្តែបើតាមការបង្ហើបពីមន្រ្តីថៃ ០២នាក់ គឺវាអាចជាប់ពាក់ព័ន្ធនឹង ការបញ្ចេញមតិមួយចំនួនរបស់អ្នកនយោបាយរូបនេះ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តផ្តល់វ៉ាក់សាំង COVID-19 របស់រដ្ឋាភិបាលថៃ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោក Thanathorn ដែលត្រូវបានតុលាការថៃ ហាមឃាត់មិនឲ្យធ្វើនយោបាយ ១០ឆ្នាំ បានរិះគន់យុទ្ធសាស្រ្តវ៉ាក់សាំង COVID-19 របស់រដ្ឋាភិបាលថៃ ដោយសារលោកយល់ឃើញថា វាហាក់មានការពឹងផ្អែកខ្លាំងពេក ទៅលើក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់ ទីភ្នាក់ងារទទួលបន្ទុកលើព្រះរាជទ្រព្យនៃរាជវង្សថៃ ហើយទីភ្នាក់ងារនេះ គឺស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីមហាក្សត្រថៃ។ ច្បាប់ការពារការប្រមាថព្រះមហាក្សត្រ នៅក្នុងប្រទេសថៃ អាចមានការផ្តន្ទាទោសរហូតដល់ ១៥ឆ្នាំក្នុងមួយបទល្មើស៕