(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញបទបញ្ជាឲ្យជួយដល់ជនជាតិអាមេរិក កំពុងស្រេកឃ្លានរាប់លាននាក់ និងប្រញាប់ប្រញាល់ទាញប្រទេសនេះ ឲ្យចេញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មអាមេរិកបានចេញរបាយការណ៍ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះថា មនុស្សពេញវ័យប្រហែល ១៣.៧ភាគរយ រស់នៅក្នុងគ្រួសារដែលពេលខ្លះ មិនមានអាហារបរិភោគគ្រប់គ្រាន់។ ភាពស្រេកឃ្លានកំពុងក្លាយជាការគំរាមកំហែងយ៉ាងខ្លាំង ដល់កុមារក្រីក្ររាប់លាននាក់ ដែលតែងតែពឹងផ្អែកលើអាហារ ដែលសាលារៀនរបស់ពួកគេបានទទួល និងបានផ្ដល់ឲ្យពួកគេ ហើយឥឡូវនេះសាលារៀន ត្រូវបានបិទដោយសារការឆ្លងរាតត្បាតនៃ COVID-19 ជាហេតុនាំឲ្យមានផលវិបាកយ៉ាងខ្លាំងដល់ពួកគេ។

ជុំវិញបញ្ហានេះលោក ចូ បៃដិន បានចេញបញ្ជាឲ្យបង្កើនប្រាក់ឧបត្ថម្ភ ដែលមានស្រាប់ផ្តល់ឲ្យគ្រួសារដែលមានកូនបីនាក់ចំនួន ១០០ដុល្លារអាមេរិកបន្ថែម ជារៀងរាល់ ០២ខែម្តង ដើម្បីជាជំនួយដល់ការទិញស្បៀងអាហាររបស់ពួកគេ។ មិនតែប៉ុណ្ណោះ លោក បៃដិន ក៏បានស្នើសុំឲ្យក្រសួងរតនាគារអាមេរិក បង្កើនល្បឿនក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភរហូតដល់ ៦០០ដុល្លារអាមេរិក សម្រាប់ជនជាតិអាមេរិកក្នុងម្នាក់ៗ ដែលត្រូវបានអនុម័តរួចហើយ កាលពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ។

គួរបញ្ជាក់ថា បទបញ្ជាចុងក្រោយក្នុងការបង្កើនជំនួយស្បៀងអាហារ និងការបង្កើនល្បឿននៃប្រាក់ឧបត្ថម្ភ មានចំនួនតិចតួចបំផុត ប៉ុន្តែបានបន្ថែមសាររបស់លោក បៃដិន ថា លោកជំរុញសកម្មភាពប្រឆាំង នឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) និងដោះស្រាយការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលពាក់ព័ន្ធ ព្រោះវាជាកិច្ចការដែលលោកកំពុងតែព្យាយាម ដើម្បីសំរេចបានក្នុងពេលដំណាលគ្នានេះ៕