(ហ្សឺណែវ)៖ ក្រុមហ៊ុនអាមេរិក Pfizer បានប្រកាសថា ខ្លួននឹងផ្ដល់វ៉ាក់សាំង COVID-19 ចំនួន ៤០លានដូសដល់បណ្ដាប្រទេសក្រីក្រ ដោយឈរលើគោលការណ៍ «មិនរកប្រាក់ចំណេញ» តាមរយៈកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

ការប្រកាសពីការប្ដេជ្ញាចិត្តខាងលើ ធ្វើឡើងដោយប្រធានក្រុមហ៊ុន Pfizer លោក អាល់ប៊ឺត បួរឡា (Albert Bourla) នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញនៅថ្ងៃសុក្រសប្ដាហ៍នេះ និងចំពេលមានការព្រួយបារម្ភពីការសមភាពនៃការទទួលបានវ៉ាកសាំង ខណៈប្រទេសអ្នកមានកំពុងចាក់វ៉ាក់សាំងយ៉ាងគគ្រឹកគគ្រេងជូនប្រជាជនរបស់ ពួកគេ។ លោក Albert Bourla បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រទេសកំពុងអភិវឌ្ឍន៍នានា គួរតែទទួលបានវ៉ាក់សាំងដូចគ្នា ទៅបណ្ដាប្រទេសដទៃនៅលើពិភពលោក... ហើយយើងនឹងផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈកម្មវិធី Covax ដល់ប្រទេសទាំងនេះ ដោយឈរលើគោលការណ៍មិនរកប្រាក់ចំណេញ»។

គួរបញ្ជាក់ថា កម្មវិធី Covax ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងអង្គការសម្ព័ន្ធវ៉ាក់សាំង (Vaccine Alliance) គឺជាយន្ដការមួយដែលមានគោលដៅធានា ឱ្យបានថាបណ្ដាប្រទេសក្រីក្រ នឹងទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព និងសមធម៌។ បច្ចុប្បន្នវ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech គឺជាវ៉ាក់សាំងតែមួយគត់ ដែលទទួលបានការអនុញ្ញាត ឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការ WHO៕