(ប៉េកាំង)៖ ប្រទេសចិនទើបតែចេញបញ្ជា ឲ្យកងកម្លាំងល្បាតដែនសមុទ្ររបស់ខ្លួន បាញ់នាវាបរទេសណាក៏ដោយ ដែលមកយាយីដល់ដែនអធិបតេយ្យរបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

ច្បាប់ស្តីពីការការពារដែនសមុទ្ររបស់ចិនខាងលើនេះ ត្រូវបានអនុម័តកាលពីថ្ងៃសុក្រ ទី២២ ខែមករា ដោយក្នុងបានចែងថា ឆ្មាំការពារដែនសមុទ្ររបស់ចិន អាចចាត់វិធានការគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅរួច ក្នុងនោះរួមមានទាំងការប្រើអាវុធផងដែរ នៅពេលដែលអធិបតេយ្យជាតិ, សិទ្ធិលើបូរណភាពដែនដី និងយុត្ថាធិការនានា ត្រូវបានរំលោភដោយអង្គភាពបរទេស ឬក៏បុគ្គលទាំងឡាយ នៅលើដែនសមុទ្រ។

ច្បាប់ខាងលើនេះ ក៏ផ្តល់សិទ្ធិដល់ឆ្មាំការពារដែនសមុទ្រចិន ធ្វើការរុះរើសំណង់របស់ប្រទេសដទៃ ដែលសាងសង់លើថ្មប៉ប្រះទឹក និងកោះដែលអះអាងកម្មសិទ្ធិដោយចិន ព្រមទាំងអាចរឹបអូស ឬបញ្ជានាវាបរទេស មិនឲ្យចូលក្នុងដែនទឹករបស់ចិន ដោយខុសច្បាប់ផងដែរ។

គួរបញ្ជាក់ថា ឆ្មាំការពារដែនសមុទ្ររបស់ចិន ត្រូវបានគេមើលឃើញថា ជាកងកម្លាំងល្បាតដែនសមុទ្រ ដ៏មានឥទ្ធិពលបំផុត នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយប្រទេសមួយចំនួននៅអាស៊ាន ក៏កំពុងមានជម្លោះអធិបតេយ្យ ជាមួយចិនផងដែរនៅក្នុងតំបន់នេះ ប៉ុន្តែជម្លោះរវាងចិន និងវៀតណាម ត្រូវបានអន្តរជាតិមើលឃើញថា មានភាពក្តៅគគុកជាងគេ៕