(កាលីហ្វ័រញ៉ា)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នឹងធ្វើតេស្តយានអវកាសដែលមានឈ្មោះថា ស្តាឡាញណឺ (CST-100 Starliner) នៅថ្ងៃទី២៥ ខែមីនាខាងមុខនេះហើយ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត អាត្លាស់វី (Atlas V) របស់ក្រុមហ៊ុន យូណៃធីត ឡញ អលឡៃអ៊ែន (United Launch Alliance ឬ ULA)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នៅព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

យាន CST-100 Starliner នឹងត្រូវបាញ់ចេញពីស្ថានីយទ័ពអាកាស ខេប ខាណាវ៉ឺរ៉ាល់ (Cape Canaveral) ស្ថិតនៅក្នុងរដ្ឋផ្ល័ររីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយមិនមានមនុស្សជិះនៅក្នុងយាននោះឡើយ ព្រោះវាត្រឹមជាការសាកល្បងប៉ុណ្ណោះ។ CST-100 Starliner នឹងត្រូវព្យាយាមជ្រៀតចូលគន្លងគោចរ ដែលត្រូវបានកំណត់ ដើម្បីចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) មិនថ្លោះធ្លោយដូចមុនឡើយ។

គួរបញ្ជាក់ថា បេសកកម្មរបស់ Boeing មួយទៀតដែលដូចខាងលើនេះដែរ មានឈ្មោះថា Orbital Flight Test-1 (OFT-1) បានទទួលបរាជ័យម្តងរួចមកហើយ ក្នុងការជ្រៀតចូលគន្លងគោចរត្រឹមត្រូវ ដើម្បីចតនៅស្ថានីយអវកាស ISS កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ ដោយឡែកសម្រាប់បេសកកម្មនៅខែមីនាខាងមុខនេះ មានឈ្មោះថា Orbital Flight Test-2 (OFT-2) ត្រូវបានក្រុមហ៊ុន Boeing រចនាឡើងសម្រាប់ប្រើប្រាស់ ក្នុងកម្មវិធីដឹកជញ្ជូនអវកាសយានិករបស់អង្គការ NASA។

ការប្រកាសអំពីពេលវេលាធ្វើតេស្ត បេសកកម្ម OFT-2 បានកើតមានឡើងបន្ទាប់ពីយាន Starliner របស់ Boeing ខាងលើនេះ ឆ្លងផុតការត្រួតពិនិត្យលើប្រព័ន្ធ Software ចម្បងមួយ។ កន្លងមកនេះ Boeing បានទទួលរងការរិះគន់ ព្រោះតែខ្លួនមិនបានធ្វើតេស្តប្រព័ន្ធ Software ដែលជំនួយដល់ការបញ្ជាយាននេះ ឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ទើបជាហេតុដែលបានធ្វើឲ្យបេសកកម្ម OFT-1 ទទួលបរាជ័យកាលពីឆ្នាំ២០១៩៕