(តៃបុិ)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោកស្រី Wang Mei-hua នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កោះតៃវ៉ាន់បានស្វះស្វែងរកជំនួយ ពីប្រទេសអាល្លឺម៉ង់ក្នុងការធានាបាននូវវ៉ាក់សាំង COVID-19 បន្ទាប់ពីទីក្រុងប៊ែរឡាំង (Berlin) បានស្នើសុំជំនួយពីកោះនេះឲ្យជួយសម្រួលភាពកង្វះខាតនៃបន្ទះឈីប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

លោកស្រី Wang បានគូសបញ្ចាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីបានស្នើសុំនៅក្នុងកិច្ចប្រជុំមួយ ទៅកាន់ឯកអគ្គរដ្ឋទូតរបស់ប្រទេសអាល្លឺម៉ង់ប្រចាំនៅទីក្រុងតៃប៉ិ ដែលបានប្រគល់លិខិតស្នើសុំមួយដល់លោកស្រី ដើម្បីស្វែងរកជំនួយដោះស្រាយលើបញ្ហាកង្វះខាតដែលកំពុងរារាំងដល់ការងើបឡើងវិញ នូវសេដ្ឋកិច្ចរបស់បណ្ដាប្រទេសអ៊ឺរ៉ុបពីការឆ្លងរាតត្បាតនៃជំងឺ COVID-19។

នៅក្នុងលិខិតនោះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier បានស្នើសុំឲ្យលោកស្រី Wang ជួយបញ្ចុះបញ្ចូលក្រុមហ៊ុនមួយ ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយរបស់ខ្លួន គឺក្រុមហ៊ុន TSMC ដើម្បីសម្រួលភាពកង្វះខាតនៃបន្ទះឈីប។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធសប្ដាហ៍នេះ លោកស្រី Wang បានគូសបញ្ជាក់ប្រាប់ប្រធានបេសកកម្មរបស់ប្រទេសអាល្លឺម៉ង់ប្រចាំនៅទីក្រុងតៃប៉ិថា លោកស្រីចង់ឲ្យ ប្រទេសអាល្លឺម៉ង់ ជួយដល់កោះតៃវ៉ាន់វិញក្នុងការធានា បាននូវវ៉ាក់សាំង COVID-19 នៅក្នុងតម្លៃសមរម្យមួយដែលអាចធ្វើទៅបាន៕