(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថានឹងចូលរួមក្នុងសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម ឬហៅកាត់ថា CPAC នៅក្នុងសប្ដាហ៍នេះ។ សន្និសីទ CPAC គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកម្ភៈ នៅឯទីក្រុង Orlando នៃរដ្ឋ Florida ជាទីដែលលោក ត្រាំ ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថានៅថ្ងៃទី២៨ ខែកុម្ភៈ ជុំវិញអនាគតគណបក្សសាធារណរដ្ឋ និងសកម្មភាពនយោបាយអភិរក្សនិយម រួមទាំងអនាគតលោកផ្ទាល់ផងដែរ។

សេចក្ដីរាយការណ៍ខាងលើកើតមានឡើង នៅចំពេលមានការសន្និដ្ឋានជាច្រើនថា លោក ត្រាំ អាចនឹងដើរតួនាទីយ៉ាងសកម្មនៅក្នុងការបោះឆ្នោតសភាពាក់កណ្ដាល អាណត្តិនៅឆ្នាំ២០២២ ខណៈក្រុមមនុស្សជំនិតរបស់លោកអះអាងថាអតីតប្រធានាធិបតីរូបនេះកំពុងពិចារណាចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤។

តាមការពិតទៅការសន្និដ្ឋានថា លោក ដូណាល់ ត្រាំ អាចនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សសាធារណរដ្ឋម្ដងទៀត លេចលឺឡើងតាំងតែពីលោកចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ។ ពាក្យចចាមអារ៉ាម និងការសន្និដ្ឋានបែបនេះបានផ្ទុះឡើងជាថ្មី ជាពិសេសក្រោយលោក ត្រាំ រួចផុតពីការចោទប្រកាន់ និងការកាត់ទោសនៅក្នុងព្រឹទ្ធសភាជាលើកទី២ កាលពីដើមខែកុម្ភៈកន្លងទៅ។ ទោះរួចខ្លួនក៏ពិតមែនក៏ប៉ុន្តែ លោក ត្រាំ នៅតែត្រូវប្រឈមមុខនឹងបណ្ដឹងតាមផ្លូវច្បាប់ជាច្រើនទាំងខាងមុខជំនួញ និងសកម្មភាពរបស់លោកកាលនៅជាប្រធានាធិបតី ដែលអាចនឹងបង្កឧបសគ្គ ដល់ការឈរឈ្មោះចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី។

តែទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីអាមេរិកបានតែមួយអាណត្តិ រីឯរដ្ឋធម្មនុញ្ញអាមេរិកបានកំណត់ថាប្រធានាធិបតីម្នាក់ អាចកាន់អំណាចបានពីរអាណត្តិ។ ម្យ៉ាងវិញទៀត បូករួមទាំងលោករួចខ្លួនពីការចោទប្រកាន់នៅក្នុងព្រឹទ្ធសភា ដូច្នេះលោក ត្រាំមានសិទ្ធិពេញលេញ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ទាស់ត្រង់ថាលោកខ្លួនឯង ចង់ ឬមិនចង់តែប៉ុណ្ណោះ។

លោក ត្រាំ មកទល់នឹងពេលនេះមិនទាន់បានប្រកាសជាផ្លូវការថាតើលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មីឬក៏យ៉ាងណានោះទេ? តែលោកធ្លាប់បាន ថ្លែងសារមួយចំនួនដែលធ្វើឱ្យគេយល់ថាលោកនៅតែចិញ្ចឹមចិត្តចង់កាន់តំណែងជាប្រធានាធិបតី។ ជាក់ស្ដែង នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយភា្លមៗ បន្ទាប់ពី រួចខ្លួននៅក្នុងសវនាការកាត់ទោសរបស់ព្រឹទ្ធសភា លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ចលនាជាប្រវត្តិសាស្ត្រ, ស្នេហាជាតិ និងដ៏ស្រស់បំព្រងរបស់យើង ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត ទើបតែចាប់ផ្ដើមតែប៉ុណ្ណោះ...នៅប៉ុន្មានខែខាងមុខ ខ្ញុំមានអ្វីជាច្រើនចែលរំលែកជាមួយអ្នកទាំងអស់គ្នា ហើយខ្ញុំពិតជាទន្ទឹមរង់ចាំបន្តដំណើរមិនគួរឱ្យជឿរបស់ពួកយើងជាមួយគ្នា ដើម្បីសម្រេចបាននូវភាពអស្ចារ្យរបស់សហរដ្ឋអាមេរិក សម្រាប់ប្រជាជនយើងទាំងអស់គ្នា»

* ត្រាំនិយម

ក្រុមអ្នកវិភាគនយោបាយមួយចំនួនជឿជាក់ថាលោក ដូណាល់ ត្រាំ មានឱកាសខ្ពស់អាចឈ្នះឆ្នោតម្ដងទៀត បើសិនជាលោកសម្រេចចិត្តចូលរួមប្រកួតប្រជែងសាជាថ្មី នៅក្នុង ការបោះឆ្នោត នៅឆ្នាំ២០២៤។ រឿងបែបនេះបានកើតឡើងរួចហើយនៅក្នុងសហរដ្ឋអាមេរិក ដោយលោក ក្រូវឺ ខ្លេវឺលែន (Grover Cleveland) បានក្លាយជាប្រធានាធិបតីតែម្នាក់គត់ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលធ្លាប់ចាញ់ឆ្នោតម្ដងហើយ តែអាចឈ្នះឆ្នោតជាថ្មី នៅពេលលោកសម្រេចចិត្តត្រឡប់ចូលរួម ក្នុងការបោះឆ្នោតម្ដងទៀត។

លោក ដូណាល់ ត្រាំ ទោះបីជាចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតក៏ដោយ ប៉ុន្តែលោកទទួលបានសំឡេងបោះឆ្នោតពីប្រជាជនអាមេរិកដល់ទៅជាង ៧៤លាននាក់ឯណោះ។ ត្រង់ចំណុចនេះមានន័យថាទោះជាលោក ត្រាំសម្រេចចិត្តចូលរួម ឬក៏មិនចូលរួមក្នុងការបោះឆ្នោតក៏ដោយ ក៏លោកនៅតែមានឥទ្ធិពលខ្លាំង នៅក្នុងគណបក្សសាធារណរដ្ឋ អាចរយៈយូរឆ្នាំ ឬរាប់សិបឆ្នាំទៅមុខទៀតក៏ថាបាន។

បន្ថែមពីលើនេះ ឥទ្ធិពលចាក់ឬសដ៏ខ្លាំងក្លារបស់លោក ត្រាំ នៅក្នុងគណបក្សសាធារណរដ្ឋក៏បានស្ដែងចេញឱ្យឃើញផងដែរ តាមរយៈការស្ទង់មតិកាលពីពេលថ្មីៗ នេះ។ ការស្ទង់មតិធ្វើឡើងដោយសាកលវិទ្យាល័យ សាហ្វហ្វូក (Suffolk University) និងសាព័ត៌មាន USA TODAY តាមរយៈការសាកសួរមនុស្ស ១,០០០នាក់ ដែលបានបោះឆ្នោតជូនលោក ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ បានបង្ហាញថាអ្នកដែលត្រូវបានសម្ភាសន៍ មានរហូតដល់ទៅ៥៦ភាគរយ បានបង្ហាញភាពស្មោះស្ម័គ្ររបស់ពួកគេចំពោះលោក ត្រាំ ជាជាងគណបក្សសាធារណរដ្ឋ ទៅទៀត៕

ប្រភព៖ Politico, Newsweek (ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១)