(បារីស)៖ អតីតប្រធានាធិបតីបារាំង លោកនីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) នៅថ្ងៃចន្ទនេះត្រូវបានតុលាការក្រុងប៉ារីសរកឃើញថាមានពិរុទ្ធភាព ដោយចោទប្រកាន់ពីបទពុករលួយ និងរំលោភអំណាច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the New York Times នៅយប់ថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

សាលក្រមនេះគឺជាការសម្រេចក្តីក្តាំកំពូលមួយ ដែលមានជាប់ទាក់ទងខាងផ្លូវច្បាប់ជាយូរមកហើយ របស់អតីតប្រធានាធិបតីបារាំងរូបនេះ។ លោកសាកូហ្ស៊ី វ័យ ៦៦ ឆ្នាំដែលបានដឹកនាំប្រទេសបារាំងពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកអភិរក្សនិយម។

ការផ្តន្ទាទោសមកលើរូបលោកសាកូហ្ស៊ីនេះ គឺជាករណីទី២ ហើយនៅក្នុងប្រវត្តិសាស្ត្រសម័យថ្មីរបស់បារាំង ដែលអតីតប្រធានាធិបតី ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ។

លោកត្រូវបានគេរកឃើញថា មានទោសពីបទសូកប៉ាន់ចៅក្រម ដើម្បីទទួលបានព័ត៌មានសម្ងាត់ដោយខុសច្បាប់ លើពាក្យបណ្តឹងមួយទៀតប្រឆាំងនឹងលោក ជាថ្នូរនឹងការសន្យាប្រើឥទ្ធិពលរបស់លោកក្នុងផ្តល់តំណែងដ៏មានកិត្យានុភាពមួយក្នុងប្រទេស សម្រាប់ចៅក្រមម្នាក់នោះ។

តាមរយៈបទចោទប្រកាន់នេះលោកសាកូហ្ស៊ី នឹងត្រូវទទួលទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ដោយ ២ឆ្នាំត្រូវបានព្យួរ។ ទោះយ៉ាងណាក៏ដោយ គេរំពឹងថាអតីតប្រធានាធិបតីបារាំងរូបនេះនឹងប្តឹងឧទ្ធរណ៍ ដែលនឹងធ្វើឲ្យដំណើរការអនុវត្តកាត់ទោសត្រូវពន្យាពេលជាបណ្តោះអាសន្ន៕