(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអតីតជំទាវទី១ លោកស្រី មេឡានៀ (Melania Trump) បានទទួលការចាក់វ៉ាក់សាំង COVID-19 នៅឯសេតវិមានតាំងតែពីខែមករា ដើមឆ្នាំ២០២១ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទីប្រឹក្សាម្នាក់របស់លោក ត្រាំ និងបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះ បានជំរុញឱ្យអ្នកគាំទ្ររបស់លោកចាក់វ៉ាក់សាំង COVID-19 ឱ្យបានគ្រប់ៗគ្នា។ នៅក្នុងឱកាសបង្ហាញខ្លួនជាថ្មីលើឆាកនយោបាយ តាមរយៈសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម នាទីក្រុងអ័រលែនដូ (Orlando) រដ្ឋផ្ល័ររីដាកាលពីចុងសប្ដាហ៍កន្លងទៅ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការចាក់វ៉ាក់សាំងគ្មានអ្វីគួរឱ្យខ្លាចនោះទេ ដូច្នេះអ្នកទាំងអស់គ្នាគួរតែទៅចាក់វ៉ាក់សាំង»

ការលើកឡើងរបស់លោក ត្រាំ គឺផ្ទុយទាំងស្រុងទៅនឹងគោលជំហររបស់លោក កាលនៅជាប្រធានាធិបតីដែលមើលស្រាលលើ COVID-19 ដោយមិនបានអនុវត្តវិធានការគម្លាតសុវត្ថិភាព ឬពាក់ម៉ាសនោះទេ រហូតដល់ខ្លួនឆ្លងជំងឺមួយនេះ។ ទោះជាយ៉ាងណា ភ្លាមៗមិនទាន់មានការបញ្ជាក់ថា តើលោក ដូណាល់ ត្រាំ និងភរិយាបានចាក់វ៉ាក់សាំងរបស់ ក្រុមហ៊ុនណាមួយ ឬក៏ប៉ុន្មានដូសឱ្យប្រាកដឡើយ៕