(បាងកក)៖ សកម្មជនប្រជាធិបតេយ្យថៃដ៏មានឥទ្ធិពល ០៣រូប ត្រូវបានតុលាការទីក្រុងបាងកក បដិសេធការស្នើសុំនៅក្រៅឃុំ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ ពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។

សកម្មជនទាំងបីរូបខាងលើមានឈ្មោះ ផានុសាយ៉ា (Panusaya Sithijirawattanakul), ផានុពង្ស (Panupong Jadnok) និង ចតុផាត់ (Jatupat Boonpattararaksa) ត្រូវបានចោទប្រកាន់ពីបទ «ប្រមាថព្រះចេសា្តព្រះមហាក្សត្រ» ដែលបានប្រព្រឹត្តក្នុងអំឡុងការធ្វើបាតុកម្មតវ៉ា នៅកណ្ដាលទីក្រុងបាងកកកាលពីខែកញ្ញា ឆ្នាំ២០២០។ អ្នកទាំងបីនាក់ ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ ឱ្យមានសកម្មភាពប្រឆាំងរដ្ឋអំណាចផងដែរ រួមជាមួយបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ១៥នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា ព្រះមហាក្សត្រ និងរបបរាជានិយមថៃ ត្រូវបានការពារយ៉ាងរឹងមាំបំផុត ដោយច្បាប់រដ្ឋធម្មនុញ្ញ នៃប្រទេសអាស៊ានមួយនេះ ក្រោមច្បាប់ព្រហ្មទណ្ឌដែលអាចកាត់ទោស ដាក់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំក្នុងមួយបទចោទប្រកាន់ ចំពោះអ្នកដែលតុលាការរកឃើញថា បានប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងសែរាជវង្ស៕