(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃចន្ទនេះបានចុះធ្វើទស្សនកិច្ច នៅមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ដើម្បីសម្តែងការអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធាគ្រប់រូប ក្នុងការការពារដែនដីកោះនេះ ចំពោះមុខសកម្មភាពព្រមានថ្មីៗរបស់ចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។

ក្នុងការថ្លែងសុន្ទរកថាកំឡុងដំណើរទស្សនកិច្ចខាងលើ លោកស្រី Tsai បាននិយាយដូច្នេះថា «ភាពអង់អាចរបស់កងទ័ពគ្រប់រូប បានសម្តែងឲ្យឃើញយ៉ាងច្បាស់នូវ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ក្នុងការរក្សាការពារអធិបតេយ្យភាពនៃដែនដីយើង ហើយយើងនឹងការពារមិនឲ្យបាត់បង់ទឹកដីដាច់ខាត សូម្បីតែមួយចំអាម»។

គួរបញ្ជាក់ថា ការចុះទស្សនកិច្ចនៅមូលដ្ឋានយោធា និងការសម្តែងឆន្ទៈប្តេជ្ញាការពារអធិបតេយ្យភាពនេះរបស់លោកស្រី Tsai Ing-wen កើតមានឡើង ស្របពេលដែលយោធាចិន បានបង្កើនសកម្មភាពគួរឲ្យកត់សម្គាល់ នៅក្បែរៗកោះតៃវ៉ាន់ ខណៈចិនចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន ស្របទៅតាមគោលនយោបាយចិនតែមួយ ដែលអន្តរជាតិទទួលស្គាល់ជាផ្លូវការ។

ឆ្លើយតបចំពោះការបង្កើនភាពស្និទ្ធស្នាលជាមួយអាមេរិក និងការបំផុសចេតនារបស់ ក្រុមចង់បានឯករាជ្យនៅកោះតៃវ៉ាន់ ទីក្រុងប៉េកាំងក៏ព្រមានជាច្រើនលើករួចមកហើយថា ចិននឹងមិនបោះបង់ចោលជាដាច់ខាតនូវ ជម្រើសប្រើប្រាស់កម្លាំងបាយ ហើយចិនក៏មានសិទ្ធិគ្រប់គ្រាន់ ដើម្បីចាត់វិធានការចាំបាច់ គ្រប់បែបយ៉ាងផងដែរ៕