(បាងកក)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចាប់ពីខែក្រោយទៅអាជ្ញាធរថៃនឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ពី១៤ ថៃមកត្រឹម ០៧ថ្ងៃវិញសម្រាប់ជនបរទេសទាំងឡាយណា ដែលធ្វើដំណើរចូលប្រទេសដោយបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។

លោក Anotin Charnverrankoll បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា ការចាក់វ៉ាក់សាំងត្រូវតែបានផ្តល់ឲ្យក្នុងរយៈពេលបីខែនៃការធ្វើដំណើរ ហើយភ្ញៀវទេសចរ ណ៍ទាំងឡាយនៅតែតម្រូវឲ្យបង្ហាញលទ្ធផលតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ដដែលក្នុងកំឡុងពេលបីថ្ងៃនៃការចាកចេញពីប្រទេសរបស់ពួកគេ។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ចំពោះអ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទេ ប៉ុន្តែមានវិញ្ញាបនប័ត្របញ្ជាក់ថាអវិជ្ជមានគ្មានមេរោគឆ្លងទេ នឹងត្រូវធ្វើចត្តាឡីស័កចំនួន១០ ថ្ងៃ។ ចំណែកអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ តម្រូវឲ្យធ្វើចត្តាឡីស័កតែ ៧ថ្ងៃតែប៉ុណ្ណោះ។

លោក Anotin Charnverrankoll បាននិយាយយ៉ាងដូច្នេះថា«សម្រាប់ជនបរទេសទាំងឡាយណាដែលធ្វើដំណើរចូលប្រទេសថៃ ដោយមានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរួចរាល់ នឹងតម្រូវឲ្យធ្វើចត្តាឡីស័កតែរយៈពេល ៧ថ្ងៃតែប៉ុណ្ណោះ»។

ទោះជាយ៉ាងណា វិធានការណ៍ថ្មីនេះមិនអនុវត្តចំពោះអ្នកធ្វើដំណើរមកពីទ្វីបអាហ្រ្វិកនោះទេ។ ពោលអ្នកដំណើរមកពីទ្វីបអាហ្រ្វិកនឹងនៅតែត្រូវធ្វើចត្តាឡីស័កចំនួន ២សប្តាហ៍ដដែល ដោយសារតែការព្រួយបារម្ភអំពីជំងឺ COVID-19 បំប្លែងខ្លួនថ្មី៕