(អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធនេះបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ជំហានទី២ ពីជំនួយរបស់រដ្ឋាភិបាលចិន ខណៈដែលពិធីប្រគល់អំណោយនេះត្រូវបានធ្វើឡើងនៅឯមូលដ្ឋានអាកាស Noor Khan ក្បែររដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

ទោះជាយ៉ាងណា ប្រភពដដែលនេះមិនបានបញ្ជាក់ពីចំនួនដូសដែលទទួលបាននេះទេ។

ថ្លែងនាឱកាសនោះ ជំនួយការពិសេសរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថានផ្នែកសុខភាពលោក Faisal Sultan បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកទី២ ដល់ប្រទេសប៉ាគីស្ថាន។

លោក Faisal Sultan ថ្លែងថា វ៉ាក់សាំង Sinopharm ដែលទើបមកដល់នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការអនុវត្តបន្ថែមនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប៉ាគីស្ថាន។ លោកសង្កត់ធ្ងន់ថា ប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំងនេះ គឺល្អណាស់។

គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងប្រទេសភ្លាមៗ បន្ទាប់ពីទទួលបានវ៉ាក់សាំង Sinopharm ដែលផ្តល់ដោយរដ្ឋាភិបាលចិន ខណៈបុគ្គលិកសុខាភិបាលជួរមុខទទួលបានអាទិភាពមុនគេ សម្រាប់ការចាក់វ៉ាក់សាំងនេះ៕