(បរទេស)៖ មេដឹកនាំនៃក្រុមប្រដាប់អាវុធមួយក្រុម នៅថ្ងៃសៅរ៍នេះបាននិយាយថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នឹងមិនឈរស្ងៀមដោយមិនធ្វើសកម្មភាពអ្វីសោះនោះឡើយ ប្រសិនបើកងកម្លាំងយោធាមីយ៉ាន់ម៉ា នៅតែបន្តសម្លាប់ក្រុមបាតុករ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យ៉ាងហោចណាស់ក្រុមបាតុករ ១៦នាក់ទៀតត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅក្នុងថ្ងៃសៅរ៍នេះ ជាពេលដែលរបបយោធាមីយ៉ាន់ម៉ា ប្រារព្ធទិវាកងទ័ពដ៏ធំសម្បើម។

លោក យ៉ដ សឺក (Yawd Serk) ប្រធានក្រុមប្រឹក្សាស្ដារឡើងវិញនៃរដ្ឋសាន ហៅកាត់ RCSS បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា «ទិវាកងទ័ពមីយ៉ាន់ម៉ា មិនមែនជាទិវារបស់កងកម្លាំងប្រដាប់អាវុធទេ ប៉ុន្តែវាដូចជាទិវាដែលពួកគេបានសម្លាប់មនុស្សដែរ... ហើយវាមិនមែនសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែវាជារបៀបដែលពួកគេ ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ»។

លោក Yawd Serk បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ប្រសិនបើពួកគេនៅតែបន្តបាញ់ប្រហារ ទៅលើក្រុមបាតុករ និងសម្លុតធ្វើបាបប្រជាជនទៀត ខ្ញុំគិតថាក្រុមជនជាតិភាគតិចទាំងអស់ នឹងមិនអាចឈរនៅស្ងៀម ដោយមិនធ្វើអ្វីសោះតទៅទៀតបានឡើយ»

គួរបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ RCSS ដែលមូលដ្ឋាននៅជិតព្រំដែនថៃ គឺជាក្រុមប្រដាប់អាវុធមួយ ក្នុងចំណោមក្រុមប្រដាប់អាវុធ ជនជាតិភាគតិចជាច្រើន ដែលបានសម្ដែងការប្រឆាំងទៅនឹងការធ្វើរដ្ឋប្រហារ និងប្តេជ្ញាឈរនៅខាងក្រុមបាតុករ។ សហភាពមីយ៉ាន់ម៉ា ត្រូវបានពិភពលោកដឹងថា ជាប្រទេសដែលពោពេញទៅដោយជនជាតិភាគតិច និងកងកម្លាំងប្រដាប់អាវុធ ដ៏មានឥទ្ធិពលរហូតដល់ទៅជាង ២០ក្រុម ស្ថិតនៅរដ្ឋជាប់ព្រំដែនដូចជា កាឈីន (Kachin), សាន (Shan), កាយ៉ាហ៍ (Kayah) និង កាយីន (Kayin) ជាដើម៕