(ណៃពីដោ)៖ យោងតាមប្រភពពីសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា បាតុករយ៉ាងហោចណាស់ ៥០នាក់បន្ថែមទៀតបានស្លាប់នៅថ្ងៃសៅរ៍នេះ ក្នុងការបង្ក្រាបទូទាំងប្រទេស ចំពេលដែលយោធាមីយ៉ាន់ម៉ា ធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើម នៅក្នុងរដ្ឋធានីណៃពីដោ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

ក្រុមបាតុករជាច្រើននៅតែចេញក្បួនតវ៉ា នៅថ្ងៃសៅរ៍នេះដដែល បើទោះបីជាកាលពីថ្ងៃសុក្រម្សិលមិញនេះ យោធាមីយ៉ាន់ម៉ាបានធ្វើការព្រមាន តាមរយៈទូរទស្សន៍រដ្ឋ MRTV ថា បាតុករនឹងត្រូវបាញ់ចំក្បាល និងពីក្រោយខ្នង ប្រសិនបើហ៊ានបង្កបញ្ហា នៅក្នុងថ្ងៃប្រារព្ធទិវាកងទ័ពនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា នេះក៏ដោយ។ សេចក្តីរាយការណ៍កាលពីប៉ុន្មានម៉ោងមុននេះ គឺបាតុករតែជាង ១០នាក់ប៉ុណ្ណោះ ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ ប៉ុន្តែក្រោយការរាយការណ៍បន្ថែមនៅទីក្រុង រ៉ង់ហ្គូន, ម៉ាន់ដាឡាយ និងក្រុងមួយចំនួនទៀតទូទាំងប្រទេស ទើបតួលេខអ្នកស្លាប់កើនឡើងដល់ ៥០នាក់។

គួរបញ្ជាក់ថា តួលេខអ្នកស្លាប់ទាំង ៥០នាក់ខាងលើនេះ គឺទទួលបានពីប្រភពនានានៅក្នុងប្រទេសនៅមីយ៉ាន់ម៉ា ខណៈទីភ្នាក់ងារព័ត៌មាន Reuters កំពុងតែព្យាយាមទាក់ទងរក ទិន្នន័យបន្ថែមទៀត ដើម្បីឲ្យដឹងពីតួលេខជាក់លាក់។ សារព័ត៌មាននានា ក៏បានព្យាយាមទាក់ទងទៅកាន់ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាផងដែរ ដើម្បីសួរនាំជុំវិញការបង្ក្រាប និងចំនួនអ្នកស្លាប់ក្នុងថ្ងៃសៅរ៍នេះ ប៉ុន្តែមិនមានការឆ្លើយតបឡើយ៕