(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៤,០៩៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៩៦២,៨០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៦២,៥២៦នាក់ និងជាសះស្បើយឡើងសរុប ២៣,៤១០,៨៨៤នាក់។

គួរបញ្ជាក់ តាមប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបាននិយាយថា លោកកំពុងកំណត់គោលដៅថ្មី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២០០លានដូសនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។ លោក ចូ បៃដិន បានប្រកាសទៀតថា នឹងបញ្ចេញវ៉ាក់សាំងបង្ការ COVID-19 ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន ១១លានដូសនៅសប្តាហ៍នេះ៕