(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លង លោក Anthony Fauci បាននិយាយថាការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក គឺមានជាប់ពាក់ព័ន្ធនឹងការបន្ធូរបន្ថយវិធានការរឹតត្បិតមុនកាលកំណត់ ឬលឿនរហ័សពេក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Anthony Fauci បានលើកឡើងដូច្នេះថា៖ «រដ្ឋមួយ ចំនួនបានបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេក ខណៈវីរុសកូរ៉ូណា COVID-19 បំប្លែងខ្លួនថ្មីនៅតែជាបញ្ហានៅឡើយ...ដែលនេះប្រាកដណាស់ថាអ្នក កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការកើនឡើងវិញនូវករណីឆ្លង»

លោក Fauci បន្ថែមទៀតថាអ្វីដែលធ្លាប់បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក និងនៅបណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបបានបង្ហាញថានៅពេលមានការ បន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេក ការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19 តែងតែត្រឡប់មកវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិកដូចជារដ្ឋ Texas, Maryland, Connecticut និងរដ្ឋ Mississippi ជាដើមបានបន្ធូរបន្ថយវិធានការ រឹតត្បិតប្រឆាំង COVID-19 ក្នុងនោះរួមមានការលុបចោលបទបញ្ជាតម្រូវឱ្យពាក់ម៉ាស ឬក៏អនុញ្ញាតឱ្យបណ្ដាភោជនីយដ្ឋាន ព្រមទាំងអាជីវកម្មដទៃបើកទ្វារ ឡើងវិញជាមួយការអនុវត្តវិធានការរឹតត្បិតតិចតួច ឬក៏គ្មានតែម្ដង៕