(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នឹងដាក់ចេញនូវផែនការថ្មី ដើម្បីឈានទៅបើកដំណើរការសេដ្ឋកិច្ច តាមរយៈចាប់ផ្តើមការធ្វើដំណើរអន្តរជាតិឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីខ្លួបបានចាប់ផ្ដើមដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

ខណៈដែលប្រទេសអឺរ៉ុបភាគច្រើន កំពុងដើរចូលទៅក្នុងវិធានការបិទទ្វារ (lockdown) សាជាថ្មី ដើម្បីដោះស្រាយនឹងករណីឆ្លងដែលកំពុងកើនឡើង លោក Johnson នឹងផ្តល់ព័ត៌មានថ្មីៗស្តីពីផែនការដ៏ចង្អៀតរបស់លោក ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលជាការជំរុញដ៏ធំមួយសម្រាប់ចក្រភពអង់គ្លេស អំឡុងពេលដែលជំងឺ COVID-19 ដ៏កាចសាហាវកំពុងបន្តរាតត្បាត។

លោក Johnson អាចនឹងប្រកាសឲ្យហាងលក់ទំនិញបន្ទាប់បន្សំ និងហាងកាត់សក់បើកដំណើរការឡើងវិញនៅអង់គ្លេស ចាប់ពីថ្ងៃទី១២ ខែមេសា ខណៈពេលដែលលោកក៏នឹងផ្តល់ព័ត៌មានលម្អិតបន្ថែម ស្តីពីលិខិតឆ្លងដែនវ៉ាក់សាំង និងការធ្វើដំណើរអន្តរជាតិផងដែរ។

លោក Johnson បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅពេលដែលយើងបន្តធ្វើឱ្យមានវឌ្ឍនភាពល្អ លើកម្មវិធីចាក់វ៉ាក់សាំងរបស់យើង និងជាមួយផែនការមេរបស់យើង ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ដោយមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើតេស្តលឿនជាទៀងទាត់ គឺមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រឹងប្រែងមិនត្រូវបានខ្ជះខ្ជាយឡើយ»

គួរបញ្ជាក់ថា អង់គ្លេសអាចនឹងបន្តឈានទៅរក ការធូរស្បើយឡើងវិញ បន្ទាប់ពីប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនក្នុងស្រុក AstraZeneca និងក្រុមហ៊ុនអាមេរិក Pfizer ជូនដល់ប្រជាជនពេញវ័យ ជាងពាក់កណ្តាលរបស់ខ្លួន។ រីឯការបើកសាលារៀនឡើងវិញ កាលពីខែមីនាកន្លងទៅនេះ ក៏មិនទាន់ធ្វើឱ្យមានករណីឆ្លងផ្ទុះឡើងវិញដែរ ទោះបីជាអាជ្ញាធរបានបង្កើនការធ្វើតេស្តក៏ដោយ៕