(តូក្យូ)៖ ក្រុមវេជ្ជបណ្ឌិតនៅប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ពួកគេទើបទទួលជោគជ័យ ក្នុងវះកាត់ផ្លាស់ប្តូរជាលិកាសួត ដំបូងបំផុតលើពិភពលោក ដោយជាលិកានោះគឺជាការបរិច្ចាគពីអ្នកនៅមានជីវិត ឲ្យទៅអ្នកជំងឺដែលមានសួត រងការខូចខាតធ្ងន់ធ្ងរដោយសារ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូបានឲ្យដឹងថា ស្រ្តីដែលអ្នកទទួលការបរិច្ចាគជាលិកាសួតនោះ ស្ថិតក្នុងសភាពនឹងនរល្អ ក្រោយប្រតិបត្តិការវះកាត់ដែលប្រើរយៈពេលជិត ១១ម៉ោង កាលពីថ្ងៃពុធសប្តាហ៍នេះ។ ចំណែកឯប្តី និងកូនរបស់គាត់ ជាអ្នកដែលបានបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ក៏កំពុងស្ថិតក្នុងស្ថានភាពនឹងនរដូចគ្នាដែរ។

សាកលវិទ្យាល័យក្យូតូ បានអះអាងថា វាគឺជាជោគជ័យលើកដំបូងបំផុតលើពិភពលោក នៃការវះកាត់ប្តូរជាលិកាសួត ឲ្យអ្នកមានសួតខូចខាតខ្លាំង ដោយសារ COVID-19 ដែលបានមកពីអ្នកបរិច្ចាគនៅមានជីវិត។ សម្រាប់ការវះកាត់ស្រដៀងគ្នានេះ តែជាលិកាសួតបានមកពីអ្នកបរិច្ចាគ ដែលត្រូវគេចាត់ទុកថា ស្លាប់ទៅហើយនោះ គឺធ្លាប់ប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ចិន និងអឺរ៉ុបជាដើម។

គួរបញ្ជាក់ថា ស្រ្តីខាងលើបានឆ្លងជំងឺ COVID-19 កាលពីចុងឆ្នាំមុន ហើយស្ថានភាពសួតរបស់គាត់ បានរងការខូចខាតជាខ្លាំង ដោយត្រូវចំណាយពេលស្ថិតជាមួយ ម៉ាស៉ីនជំនួយជីវិតដល់ទៅជាង ៣ខែ។ ទោះបីបានជាសះស្បើយពី COVID-19 ក៏ដោយ ក៏សួតរបស់គាត់លែងអាចធ្វើការបានទៀតឡើយ ហើយក៏មិនអាចព្យាបាលឲ្យដូចដើមវិញបានដែរ។ ដូច្នេះមានតែជម្រើសមួយគត់ នោះគឺទទួលការវះកាត់ប្តូរសួត។

ស្វាមី និងកូនប្រុសគាត់ ក៏បានស្ម័គ្រចិត្តបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ដោយប្តីបានផ្តល់ឲ្យនូវផ្នែកនៃសួតខាងឆ្វេង ខណៈកូនប្រុសឲ្យផ្នែកនៃសួតខាងស្តាំ។ ប្រតិបត្តិការវះកាត់បានប្រព្រឹត្តទៅ នៅមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ ដោយក្រុមវេជ្ជបណ្ឌិតសរុប ៣០នាក់។ ស្រ្តីម្នាក់នោះត្រូវគេរំពឹងថា នឹងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបាន ក្នុងរយៈពេលប្រមាណជា ២ខែខាងមុខទៀត ហើយអាចត្រឡប់ទៅរស់នៅដូចធម្មតាវិញ ក្នុងរយៈពេលប្រហែលជា ៣ខែ៕