(ឈីលី)៖ រដ្ឋាភិបាលឈីលីបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនចិន Sinovac មានប្រសិទ្ធភាព ៦៧ភាគរយប្រឆាំងនឹងជំងឺ COVID-19 និង ៨០ភាគរយការពារកុំឲ្យអ្នកជំងឺស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

តាមរយៈរបាយការណ៍មួយ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac មានប្រសិទ្ធភាព ៨៥ភាគរយក្នុងការការពារកុំឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ចូលមន្ទីរពេទ្យ និង ៨០ភាគរយក្នុងការការពារកុំឲ្យអ្នកជំងឺស្លាប់»។

ការសិក្សារបស់ប្រទេសឈីលីនេះ ត្រូវបានពិនិត្យមើលប្រសិទ្ធភាពរបស់វ៉ាក់សាំង CoronaVac ក្នុងចំណោមប្រជាជន ១០.៥លាននាក់។ សិក្សាលើអ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកដែលមិនបានចាក់។

នៅក្នុងការតេស្តសាកល្បងរបស់ប្រទេសតួកគី វ៉ាក់សាំង CoronaVac មានប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានរហូតដល់ ៨៣.៥% និង ១០០% ក្នុងការការពារកុំឲ្យអ្នកជំងឺឈីធ្ងន់ធ្ងរ និងចូលមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ការចេញផ្សាយទិន្នន័យនេះធ្វើឲ្យប្រទេសឈីលី ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងនោះរួមមានដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែល ដែលបានប្រើយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីស្វែងយល់ពីប្រសិទ្ធិភាព នៃវ៉ាក់សាំង នៅក្រៅពីការតេស្តក្លីនិក៕