(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ការចាត់វិធានការឆ្លើយតបវិញ ពីសំណាក់រដ្ឋាភិបាលទីក្រុងម៉ូស្គូ គឺជាការបង្កើនបញ្ហា និងជាទង្វើដ៏គួរឲ្យសោកស្តាយខ្លាំងណាស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអាមេរិក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីតោន) បន្ទាប់ពីរុស្ស៊ីបានធ្វើការឆ្លើយតប នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក តាមរយៈការបណ្តេញមន្ត្រីទូតអាមេរិក ១០រូបចេញពីរុស្ស៊ី និងហាមឃាត់មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន មិនឲ្យជាន់ទឹកដីរុស្ស៊ីថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពថ្មីៗរបស់យើងគឺមានភាពសមាមាត្រ និងសមស្របទៅនឹងសកម្មភាពបង្កគ្រោះថ្នាក់ដោយរុស្ស៊ី។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃនេះ គឺជាការបង្កើនបញ្ហា និងគួរឲ្យសោកស្តាយបំផុត។ វាមិនមែនជាផលប្រយោជន៍សម្រាប់យើង ដែលត្រូវចូលរួមក្នុងការបង្កើនបញ្ហាវិលជុំនេះឡើយ ប៉ុន្តែយើងរក្សាសិទ្ធិក្នុងការឆ្លើយតប ចំពោះការសងសឹកណាមួយ ប្រឆាំងនឹងសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានប្រកាស ហាមមន្ត្រីជាន់ខ្ពស់លោក ចូ បៃដិន មិនឲ្យចូលមកក្នុងទឹកដីរុស្ស៊ី។ ការសម្រេចបែបនេះត្រូវបានធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី បានសម្រេចបណ្តេញមន្ត្រីទូតអាមេរិក ១០រូប។ ការបណ្តេញមន្ត្រីទូតអាមេរិក គឺជាឆ្លើយតបទៅនឹងទណ្ឌកម្មក្តៅៗ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយទីក្រុងវ៉ាស៊ីនតោនបានសម្រេចដាក់ទណ្ឌកម្ម លើអង្គភាពជាច្រើននៅរុស្ស៊ី និងបណ្តាញមន្ត្រីទូតរុស្ស៊ី ១០រូប ចេញពីទឹកដីអាមេរិក៕