(វ៉ាស៊ីនតោន)៖ លោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងប្រាប់កម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យនេះថា សេចក្តីសម្រេចថាតើត្រូវបន្តប្រើវ៉ាក់សាំង Johnson &Johnson ឬមួយយ៉ាងណានោះ នឹងដឹងលទ្ធផលឆាប់ៗនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ដោយបន្ថែមថា គ្មានការភ្ញាក់ផ្អើលទេ ប្រសិនបើមានការបន្តប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញក្នុងទម្រង់ណាមួយ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត Anthony Fauci បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំមិនដឹងថាតើមានករណីផ្សេងទៀតទេ។ ប៉ុន្តែយើងនឹងដឹងលទ្ធផលនៅត្រឹមថ្ងៃសុក្រ (សប្តាហ៍ក្រោយនេះ)។ ហើយខ្ញុំនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រសិនបើមិនការអនុញ្ញាតឲ្យប្រើប្រាស់ឡើងវិញក្នុងទម្រង់ណាមួយនោះ...»

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson និង Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូសជាបណ្តោះអាសន្នសិន ដើម្បីស៊ើបអង្កេតលើរបាយការណ៍អំពីបញ្ហាកំណកឈាមចំនួន ០៦ករណី ក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងនេះជាង ៧លាននាក់៕