(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយខ្លួនកំពុងបណ្តេញបុគ្គលិកចំនួន២០នាក់ចេញពីស្ថានទូតឆែកប្រចាំនៅទីក្រុងម៉ូស្គូជាការឆ្លើយតបនឹង ការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន១៨នាក់ចេញពីសាធារណរដ្ឋឆែក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតឆែកប្រចាំប្រទេសរុស្ស៊ីលោក វីតតេស្លាវ ពីវ៉ុនកា (Vitezslav Pivonka) និងបានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងទង្វើអមិត្តរបស់អាជ្ញាធរឆែក។ ក្រសួងការបរទេសរុស្ស៊ីក៏តម្រូវឱ្យស្ថានទូតឆែកកាត់បន្ថយចំនួន បុគ្គលិករបស់ខ្លួនឱ្យនៅត្រឹមកំរិតដូចគ្នានឹងស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងប្រាក (Prague) ផងដែរ។

លោក Pivonka ត្រូវបានគេជូនដំណឹងថាបុគ្គលិកទាំង ២០នាក់ខាងលើដែលមកពីស្ថានទូតឆែកត្រូវតែចាកចេញពីប្រទេសរុស្ស៊ីនៅត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីឆែក លោក អាន់ឌ្រែក បាប៊ីស (Andrej Babis) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនបាននិយាយថាសាធារណរដ្ឋឆែកបានបណ្តេញ បុគ្គលិកចំនួន១៨នាក់ចេញពីស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Prague ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ី នៅក្នុងការបំផ្ទុះឃ្លាំងគ្រាប់អាវុធចំនួន២ កាលពីឆ្នាំ២០១៤។

ប៉ុន្តែក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថាអាជ្ញាធរឆែកបានប្រើ «លេសដែលមិនសមហេតុផល» ដើម្បីបន្តការប្រឆាំង នឹងរុស្ស៊ីនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិកបន្ទាប់ពីការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរុស្ស៊ី៕