(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវរួមគ្នាឱ្យអ៊ីស្រាអែល និងសកម្មប្រយុទ្ធប៉ាឡេស្ទីនបញ្ចប់ជម្លោះយោធាដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់បាននិយាយវីដេអូខលជាមួយប្រមុខអង្គការសហប្រជាជាតិថា «ដោយមើលឃើញពីការកើនឡើង នៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល វាត្រូវបានបញ្ជាក់ថាភារកិច្ចចម្បងគឺការបញ្ឈប់សកម្មភាពហិង្សាទាំងសងខាង និងធានាសុវត្ថិភាពដល់ប្រជាជនស៊ីវិល»។

វិមានក្រឹមឡាំងបានបន្ថែមថា មេដឹកនាំទាំងពីរក៏បានសម្តែងការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរដើម្បីធានាសន្តិភាពផងដែរ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងយោធានៃប្រទេសអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហៅថា ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីព បានបន្តប្រព្រឹត្តទៅអស់រយៈពេលប្រមាណ ០៤ថ្ងៃហើយ ដោយមានសកម្មភាពទម្លាក់គ្រាប់បែកតាមផ្លូវអាកាស, បាញ់គ្រាប់រ៉ុក្កែត និង ផ្លោងកាំភ្លើងធំជាដើម។ ការប្រយុទ្ធបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ជាង ៩០នាក់ និងរងរបួសរាប់រយនាក់។

វាជាការប្រយុទ្ធគ្នាដ៏កក្រើកដំបូងបំផុតមួយរវាងភាគីទាំងពីរ គិតចាប់តាំងតែពីការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវគោក និងផ្លូវអាកាសលើកចុងក្រោយបង្អស់ ដែលអ៉ីស្រាអែលធ្វើឡើងប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីព រយៈពេលដល់ទៅ ៥០ថ្ងៃកាលពីឆ្នាំ២០១៤៕