(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅយប់ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «អង្គការសុខភាពពិភពលោក(WHO)នៅថ្ងៃនេះ បានសម្រេចទទួលស្គាល់សុពលភាព នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលនេះវានឹងផ្តល់ឲ្យបណ្តាប្រទេស និងអ្នកផ្តល់ហិរញ្ញប្បទាន ក៏ដូចជាភ្នាក់ងារបញ្ជាទិញនានាអាចធានាបានថា វ៉ាក់សាំងមួយនេះបានបំពេញតាមស្តង់ដាអង្តរជាតិ»។
ការចុះបញ្ជីរបស់ WHO នេះទៀតសោត គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន Sinovac ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងចិនមួយនេះ ទៅក្នុងកម្មវិធីចែកចាយវ៉ាក់សាំងសកល សម្រាប់ចែកជួនដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក ដែលហៅកាត់ថា Covax។
គួរបញ្ជាក់ថា នេះជាវ៉ាក់សាំងរបស់ចិនទី២ ហើយដែលត្រូវបាន WHO ប្រកាសទទួលស្គាល់ និងចុះបញ្ជីឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ បន្ទាប់ពីវ៉ាក់សាំង Sinopharm ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីដើមខែឧសភាកន្លងទៅ៕