(បារីស)៖ ក្រសួងមហាផ្ទៃបារាំងបាននិយាយថា អាជ្ញាធរបារាំងកំពុងស៊ើបអង្កេតការគំរាមបំផ្ទុះគ្រាប់បែកប្រឆាំងនឹងយន្ដហោះ Air France ដែលហោះហើរ ពីរដ្ឋធានីប្រទេសឆាដ ទៅកាន់ទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RTL Today នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា «អ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ ខណៈដែលការត្រួតពិនិត្យកំពុងដំណើរការ»។

គួរបញ្ជាក់ថា បន្ទាប់ពីមានការគំរាមកំហែងក្នុងកំឡុងពេលហោះហើររបស់យន្តហោះក្រុមហ៊ុន Air France ពីរដ្ឋធានី N'Djamena នៃប្រទេសឆាដទៅកាន់រដ្ឋធានីបារាំង យន្ដហោះនោះត្រូវបានអមដំណើរឲ្យចុះចតនៅអាកាសយានដ្ឋាន Charles de Gaulle ដោយយន្ដហោះចម្បាំង Rafale របស់បារាំង៕