(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានធ្វើការពិនិត្យឡើងវិញនូវរោងចក្រប៊លទីម័រ (Baltimore) ដែលមានបញ្ហា និយតករសហព័ន្ធអាមេរិកបានសម្រេចថា វ៉ាក់សាំង Johnson & Johnson ប្រហែល ៦០លានដូសដែលផលិតនៅទីនោះ គួរតែត្រូវបោះបង់ចោល ដោយសារតែហានីភ័យនៃការឆ្លងដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិងកំពុងព្យាយាមអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីរកឱ្យឃើញនូវអ្វីដែលត្រូវធ្វើជាមួយនឹងវ៉ាក់សាំងយ៉ាងតិច ១៧០លានដូស ដែលត្រូវបានទម្លាក់ចោល បន្ទាប់ពីការរកឃើញនូវគ្រោះថ្នាក់ផលិតកម្មដ៏ធំមួយជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងចំនួន២ ដែលផលិតនៅនឹងកន្លែង។

ច្រើនជាង ១០០លានដូស នៃវ៉ាក់សាំង Johnson & Johnson និងយ៉ាងហោចណាស់ចំនួន ៧០លានដូស នៃវ៉ាក់សំាង AstraZeneca ត្រូវបានផ្អាកការផលិត បន្ទាប់ពីក្រុមហ៊ុន Emergent បានរកឃើញកាលពីខែមីនាថា បុគ្គលិករបស់ខ្លួនបានបំពុលវ៉ាក់សាំង Johnson & Johnson ជាមួយនឹងគ្រឿងផ្សំសំខាន់មួយដែលត្រូវបានប្រើដើម្បីផលិតថ្នាំ AstraZeneca។

ទោះយ៉ាងណាការបាត់បង់ ៦០លានដូស នៃវ៉ាក់សាំង Johnson & Johnson បានកំណត់ផែនការរបស់រដ្ឋាភិបាលលោក ប៊ៃដិនក្នុងការចែកចាយវ៉ាក់សាំងទៅឲ្យប្រទេសដទៃ។ រដ្ឋបាលអាមេរិកបានពឹងផ្អែកយ៉ាងខ្លាំងលើវ៉ាក់សាំង Johnson & Johnson និង AstraZeneca ប៉ុន្តែត្រូវពន្យារពេលផែនការរបស់ខ្លួន ខណៈរដ្ឋបាលស្បៀងអាហារនិងឱសថបានបញ្ចប់ការពិនិត្យឡើងវិញ នៃរោងចក្ររបស់ពួកគេ៕