(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានបង្ហាញក្ដីរំពឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងមិនធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួនឯង ឬធ្វើអ្វីភ្លាមៗដោយគ្មានការគិតពិចារណា ដូចអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំឡើយ មុននឹងមេដឹកនាំាទាំង២ ត្រូវជួបគ្នានៅឯទីក្រុងហ្សឺណែវ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ពូទីនបានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់វាជាក្ដីរំពឹងមួយរបស់ខ្ញុំ នោះគឺមានគុណសម្បត្តិខ្លះ និងគុណវិបត្តិខ្លះ ប៉ុន្តែវាប្រហែលជានឹងមិនមានសកម្មភាពតាមតែទំនើងចិត្តខ្លួននៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក កំពុងកាន់អំណាច (លោក ចូ បៃដិន) នោះឡើយ»

គួរបញ្ជាក់ថា លោក ពូទីន និងលោក បៃដិន នឹងត្រូវជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយដែលនឹងរៀបចំឡើងនៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៦ ខែមិថុនា នេះ៕