(វ៉ាស៉ីតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលាវ៉ាស៉ីនតោន) បានប្រកាសផ្ដល់កញ្ចប់ថវិកាជំនួយសន្តិសុខចំនួន ១៥០លានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។

បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យប្រទេសអ៊ុយក្រែន នូវប្រព័ន្ធរ៉ាដាប្រឆាំងគ្រាប់កាំភ្លើងធំ និងប្រឆាំងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក៏ដូចជាប្រព័ន្ធទំនាក់ទំនង, ប្រព័ន្ធ Electronic Warfare, ឧបករណ៍ជម្លៀសពេទ្យយោធា, ការបណ្តុះបណ្តាល និងឧបករណ៍ផ្សេងៗដទៃទៀត ដើម្បីបង្កើនសុវត្ថិភាពប្រតិបត្តិការ និងសមត្ថភាពមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនផងដែរ។

សេចក្តីថ្លែងការណ៍នោះបានគូសបញ្ជាក់ទៀតថា កញ្ចប់ថវិកាជំនួយនេះ គឺតំណាងឱ្យមូលនិធិដែលនៅសេសសល់ ដែលត្រូវបានលៃលកទុកដោយសភា សម្រាប់គំនិតផ្តួចផ្តើមជំនួយសន្តិសុខនៃប្រទេសអ៊ុយក្រែន (USAI) នៅក្នុងឆ្នាំសារពើពន្ធ២០២១ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។

សេចក្តីថ្លែងការណ៍ដដែលនោះ បានគូសបញ្ជាក់បន្ថែមថា កញ្ចប់ថវិកាជំនួយនេះ «អាចធ្វើទៅបានដោយក្រសួងការពារជាតិ តាមរយៈការសម្របសម្រួលជាមួយក្រសួងការបរទេស ដើម្បីធានាថាប្រទេសអ៊ុយក្រែនមានការរីកចម្រើនគ្រប់គ្រាន់ លើកំណែទម្រង់វិស័យការពារជាតិនៅឆ្នាំនេះ»

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិក បានផ្តល់កញ្ចប់ថវិកាជំនួយសន្តិសុខជាង ២.៥ពាន់លានដុល្លារអាមេរិកហើយ ដល់ប្រទេសអ៊ុយក្រែន គិតចាប់តាំងពីឆ្នាំ២០១៤មក ខណៈដែលឧបទ្វីបគ្រីមៀ (Crimea) ត្រូវបានបញ្ចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការធ្វើប្រជាមតិមួយ ដែលប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច មិនដែលទទួលស្គាល់ឡើយ៕