(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចោទប្រកាន់វិស័យចម្រៀង K-pop ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូងនោះថា បានធ្វើឱ្យខូចដល់យុវជនកូរ៉េខាងជើង ហើយលោក គីម បានចាត់ទុកទៀតថា K-pop គឺជា «ជំងឺមហារីកដ៏សាហាវ» និងបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើពលរដ្ឋដែលកំពុងគាំទ្រខ្សែភាពយន្ត K-drama និងវិស័យចម្រៀង K-pop របស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរិះគន់ការកើនឡើង នៃគំនិតប្រឆាំងនឹងសង្គមនិយម ដែលត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរ «ការស្លៀកពាក់ ស្ទីលម៉ូដសក់ ការនិយាយស្ដី និងអាកប្បកិរិយា» របស់ជនជាតិកូរ៉េខាងជើងវ័យក្មេង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានព្រមានថា ប្រសិនបើឥទ្ធិពលទាំងនេះមិនត្រូវបានត្រួតពិនិត្យទេ នោះវានឹងធ្វើឱ្យប្រទេសកូរ៉េខាងជើង «ដួល និងបាក់រលំដូចជញ្ជាំងពុក»

ជុំវិញបញ្ហានេះ លោក Kim បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក បង្ក្រាបនូវគំនិតប្រឆាំងនឹងសង្គមនិយមទាំងនេះ។ លោក Kim ក៏បានណែនាំច្បាប់ថ្មីជាបន្តបន្ទាប់នៅក្នុងខែធ្នូខាងមុខនេះផងដែរ ដែលនឹងពង្រឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើពលរដ្ឋដែលគាំទ្រ និងមើលតាមដានវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង ដោយប្រើប្រាស់កម្លាំងពលកម្មរយៈពេល ០៥ឆ្នាំ ដល់ ១៥ឆ្នាំនៅក្នុងជំរំលត់ដំ។ ចំណែកឯអ្នកដែលត្រូវគេចាប់បានពីបទរត់ពន្ធ ការផ្សព្វផ្សាយសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូង គឺប្រឈមនឹងការទទួលទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ រួមទាំងទោសប្រហារជីវិតផងដែរ៕