(ប៉េកាំង)៖ មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះបំពង់ឧស្ម័នយ៉ាងកក្រើកមួយ នៅតំបន់ភាគកណ្តាលប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានអាមេរិក CNN នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរចិនប្រចាំតំបន់កើតហេតុបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦៖៣០នាទីព្រឹក (ម៉ោងនៅប្រទេសចិន) ក្នុងសង្កាត់ចាងវ៉ាន (Zhangwan) នៅទីក្រុងស្ស៉ីយ៉ាន (Shiyan) នៃខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេស។ ក្រោយពេលកើតហេតុភ្លាមៗ អាជ្ញាធរបាននិយាយថា មានមនុស្សជាច្រើននាក់បានជាប់ខ្លួន។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន មនុស្សយ៉ាងតិច១១នាក់បានស្លាប់ ខណៈខ្ទង់១៥០នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ ក្នុងនោះមាន ៣៧នាក់ រងរបួសធ្ងន់។ រីឯប្រតិបត្តិការជួយសង្រ្គោះ ហាក់កំពុងបន្តប្រព្រឹត្តទៅនៅឡើយ។ ចំណែក មូលហេតុដែលបង្កឲ្យមាន ហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននេះ គឺកំពុងស្ថិតក្រោមការស៉ើបអង្កេត៕