(ហ្សេរុយសាឡឹម)៖ ក្រសួងសុខាភិបាលនៃប្រទេសអ៉ីស្រាអែល នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាវិធានការតម្រូវឱ្យពាក់ម៉ាស នៅតាមទីកន្លែងបិទជិត ដូចជាអគារនានានៅក្នុងប្រទេសនឹងត្រូវបានលុបចោលចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរនៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។

កាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ ក្រសួងសុខាភិបាលអ៉ីស្រាអែលធ្លាប់បានឱ្យដឹងថាបើសិនជាករណីឆ្លង COVID-19 នៅតែបន្តថយចុះ នោះកាតព្វកិច្ចពាក់ម៉ាសនឹងត្រូវ លុបចោលនៅថ្ងៃទី១៥ ខែមិថុនានេះ។ ប៉ុន្តែ សម្រាប់អ្នកដែលស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ឬអ្នកដំណើរតាមជើងហោះហើរនឹងត្រូវតម្រូវឱ្យពាក់ម៉ាសដដែល។

គួរបញ្ជាក់ថា អ៉ីស្រាអែលក៏ធ្លាប់បានលុបចោលកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈផងដែរចាប់តាំងថ្ងៃទី១៨ ខែមេសាកន្លងទៅនេះ បន្ទាប់ពីចំនួនអ្នកឆ្លង COVID-19 ថយចុះគួរឱ្យកត់សម្គាល់៕