(ប៉េកាំង)៖ ផ្ទាំងបដាពណ៌ក្រហមដ៏ធំមួយ បានលើកឡើងដើម្បីស្វាគមន៍សិស្សនិស្សិតជាង ១១,០០០នាក់នៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន នៅក្នុងពិធីបញ្ចប់ការសិក្សាដ៏ធំមួយ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក បន្ទាប់ពីទីក្រុងនេះត្រូវបានវាយប្រហារ ដោយការផ្ទុះឡើងដំបូងបង្អស់នៃជំងឺឆ្លងរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។

សិស្សនិសិត្សដ៏ច្រើនកុះករ បានអង្គុយជាជួរដោយគ្មានការរក្សាគម្លាត ឬការពាក់ម៉ាស់ឡើយ ជាមួយផ្ទាំងបដាពណ៌ក្រហមដ៏ធំមួយដែលបានសរសេរថា «សូមស្វាគមន៍ចំពោះសិស្សនិសិត្ស ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០២០។ ពួកយើងសូមជូនពរអ្នកទាំងអស់គ្នាឱ្យមានអនាគតល្អ»

ក្នុងចំណោមសិស្សនិសិត្សជាង ១១,០០០នាក់ ក្នុងពិធីបញ្ចប់ការសិក្សាខាងលើ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន មានសិស្សនិសិត្សជាង ២,២០០នាក់ គឺជាសិស្សនិស្សិតដែលមិនអាចចូលរួម ពិធីបញ្ចប់ការសិក្សារបស់ពួកគេ កាលពីឆ្នាំ២០២០ ដោយសារវិធានការរឹតត្បិតតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

គួរបញ្ជាក់ថា ជំងឺ COVID-19 បានផ្ទុះឡើងជាលើកដំបូងបង្អស់នៅចុងឆ្នាំ២០១៩ នៅទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន ដោយបានជំរុញឱ្យទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ ១១លាននាក់នេះ ត្រូវស្ថិតក្រោមការបិទខ្ទប់ដ៏តឹងរឹងបំផុតមួយ៕