(រ៉ង់ហ្គូន)៖ នៅពេលក្រុមបាតុកររាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតជប៉ុនប្រចាំទីក្រុងរ៉ង់ហ្គូន អំឡុងការធ្វើបាតុកម្មតវ៉ាទូទាំងប្រទេសប្រឆាំងនឹង ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ពីសំណាក់យោធាមីយ៉ាន់ម៉ា លោកអគ្គរដ្ឋទូត អ៉ីឈីរ៉ូ ម៉ារូយ៉ាម៉ា (Ichiro Maruyama) បានបង្ហាញខ្លួនជាមួយការព្រមាន និងទទូចឱ្យរបបយោធាដោះលែងអ្នកដែលត្រូវបានចាប់ឃុំខ្លួនឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។

សាររបស់លោក Ichiro Maruyama នៅពេលនោះទទួលបានការស្វាគមន៍យ៉ាងខ្លាំងនៅក្នុងចំណោមក្រុមបាតុករមីយ៉ាន់ម៉ា ដោយពួកគេរំពឹងថាជប៉ុននឹងចាត់វិធានការ តឹងរ៉ឹងដើម្បីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា។ ក៏ប៉ុន្តែក្រោយមក គេសង្កេតឃើញថាជប៉ុនមិនបានប្រកាន់ជំហរតឹងរ៉ឹងអ្វីឡើយ ហើយថែមទាំងជំទាស់ទៅនឹងការអំពាវនាវ ឱ្យដាក់ទណ្ឌកម្ម ឬការបញ្ឈប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទៀតផង ដោយបញ្ជាក់ថាមានតែធ្វើបែបនេះទេ ទើបអាចបញ្ចៀសបាននូវការដោះស្រាយ បែបអមនុស្សធម៌ជាមួយរបបយោធាមីយ៉ាន់ម៉ា។

លើសពីទៅទៀត បុគ្គលជប៉ុនដែលមានឥទ្ធិពលក៏បានបង្ហាញពីជំហរទន់ភ្លន់ដាក់របបយោធាផងដែរ។ លោក យូស៊ូកិ វ៉ាតាណាបេ (Yusuke Watanabe) ជាអគ្គលេខាធិការសមាគមជប៉ុន-មីយ៉ាន់ម៉ា (Japan-Myanmar Association) បានលើកឡើងនៅក្នុងបទវិចារណកកាលពីខែឧសភាថា ទីក្រុងតូក្យូគួរតែរក្សា គោលជំហរខ្លួនឯងប្រៀបដូចជាស្ពានតភ្ជាប់រវាងយោធាមីយ៉ាន់ម៉ា និងបណ្ដាប្រទេសប្រជាធិបតេយ្យ ជាជាងដើរតាម ឬភ្ជាប់ខ្លួនទៅនឹងគោលនយោបាយផ្លាស់ប្ដូរ របបដឹកនាំរបស់លោកខាងលិច។

ការប្រកាន់ជំហរបែបនេះរបស់ជប៉ុន បាន និងកំពុងបំផ្លាញដល់យុទ្ធសាស្ត្រដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលកំពុង បញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីដាក់សម្ពាធ ឬទណ្ឌកម្មលើរបបយោធា។ សម្រាប់ជប៉ុន និងជាពិសេស ឥណ្ឌាដែលសុទ្ធសឹងតែជាសមាជិក Quad ឬកិច្ចប្រជុំសន្តិសុខចតុភាគីជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិកផងនោះ យល់ថាការដាក់សម្ពាធ ឬទណ្ឌកម្មខ្លាំងហួសហេតុអាចនឹងផ្ដល់ផលចំណេញឱ្យចិន ពង្រីកឥទ្ធិពលរឹតតែខ្លាំងនៅក្នុងតំបន់។ ប្រទេសទាំង២នេះក៏បានបដិសេធចូលរួមជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិចក្នុងការដាក់ទណ្ឌកម្មលើចិន ជុំវិញសំណុំរឿងតំបន់ស៊ីនជាំងផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សាស្ត្រាចារ្យរងជំនាញផ្នែកគោលនយោបាយអាស៊ីអាគ្នេយ៍ និងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Kyushu លោក ណូប៊ូហ៊ីរូ អៃហ្សាវ៉ា (Nobuhiro Aizawa) បាននិយាយថាជប៉ុនមិនជឿឡើយថាការដាក់ទណ្ឌកម្មជាមធ្យោបាយដោះស្រាយបញ្ហា។ លោក ណូប៊ូហ៊ីរូ បានគូសបញ្ជាក់ដូច្នេះថា៖ «ជប៉ុនមិនជឿលើទណ្ឌកម្មនោះទេ។ តែនៅក្នុងការគិតរបស់ពួកគេ នោះគឺបើសិនជាអ្នកមិនទទួលយកប្រជាធិបតេយ្យជាគោលការណ៍អភិបាលកិច្ច នោះ អ្នកនឹងមិនទទួលបានជោគជ័យខាងសេដ្ឋកិច្ចឡើយ ហើយបើអ្នកបរាជ័យខាងសេដ្ឋកិច្ច នោះអ្នកនឹងមិនអាចបន្តកាន់អំណាចទៀតបានទេ»

ទោះជាមិនទាន់ចាត់វិធានការជាសកម្មភាព តែជប៉ុនតែងតែជំរុញជានិច្ចឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ការប្រើប្រាស់អំពើហិង្សា, ដោះលែងអ្នកដែលកំពុងជាប់ឃុំ ក្នុងនោះមានទាំងលោកស្រី អោង សាន ស៊ូជី អោយមានសេរីភាពជាបន្ទាន់ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ កាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅនេះ សមាជិកសភាជាន់ទាប ជប៉ុនបានអនុម័តដំណោះស្រាយមួយដោយថ្កោលទោសការធ្វើរដ្ឋប្រហារដណ្ដើមអំណាចរបស់យោធាមីយ៉ាន់ម៉ា។ តែទន្ទឹមគ្នានោះដែរ មន្ត្រីក្រសួងការបរទេសជប៉ុន ម្នាក់បាននិយាយថាជប៉ុនមានផ្លូវទំនាក់ទំនងជាច្រើនជាមួយមីយ៉ាន់ម៉ា រួមទាំងយោធាមីយ៉ាន់ម៉ា ហើយថាជប៉ុនពិតជាយល់ដែលប្រទេសដទៃកំពុងពិចារណាពីមធ្យោបាយល្អដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្នដោយផ្អែកលើស្ថានភាពជាក់ស្ដែង។

ជំហរទន់ភ្លន់របស់ជប៉ុនចំពោះមីយ៉ាន់ម៉ា ហាក់មិនមែនជារឿងចម្លែកទេ ដោយមហាអំណាចសេដ្ឋកិច្ចលេខ៣មួយនេះក៏ធ្លាប់បានចេញមុខការពារក្រុមឧត្ដមសេនីយ៍មីយ៉ាន់ម៉ា ដែរ។ កាលពីឆ្នាំ២០១៩ អគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Maruyama បាននិយាយជាសាធារណៈថា គ្មានទេអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងសំណុំរឿងមួយនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិដែលចោទប្រកាន់ថាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅឯរដ្ឋ Rakhine ស្ថិតនៅភាគខាងលិចនៃប្រទេស។

ពិតមែនទៅ កត្តាសំខាន់មួយដែលធ្វើឱ្យជប៉ុនរារែកចិត្តដាក់ទណ្ឌកម្មធ្ងន់ធ្ងរណាមួយប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា នោះគឺខ្លាចទណ្ឌកម្មផ្ដល់ផលចំណេញឱ្យចិន ពង្រីកឥទ្ធិពលរឹតតែខ្លាំងនៅក្នុងតំបន់ ហើយអ្វីដែលជប៉ុនបារម្ភបំផុតនោះគឺសេដ្ឋកិច្ច។ «ជប៉ុនបានបោះទុនវិនិយោគជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជាការពិតណាស់ ពួកគេមើលឃើញពីការប្រកួតប្រជែងភូមិសាស្ត្រសេដ្ឋកិច្ចជាមួយចិន ដូច្នេះទើបធ្វើឱ្យពួកគេរារែកក្នុងការដាក់ទណ្ឌកម្ម ឬដកខ្លួនចេញ»។ នេះ ជាការកត់សម្គាល់របស់នាយកវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី លោក សាយម៉ុន តាយ (Simon Tay)។

ទំនាក់ទំនងរវាងជប៉ុន និងមីយ៉ាន់ម៉ាមានភាពផ្អែមផង និងល្វីងជូចត់ផងកាលពីអតីតកាល។ ពោលគឺនៅអំឡុងសម័យសង្រ្គាមលោកលើកទី២ ជប៉ុនបានជួយក្រុមអ្នកបដិវត្តន៍មីយ៉ាន់ម៉ាដឹកនាំដោយលោក អោង សាន ដែលជាឪពុកបង្កើតរបស់លោកស្រី អោង សាន ស៊ូជី បង្កើតយោធាមីយ៉ាន់ម៉ា ឬគេស្គាល់ថា តាម៉ាដាវ (Tatmadaw) ដើម្បីប្រឆាំងបះបោរទាមទារឯករាជ្យពីអង់គ្លេស។ តមកទៀត ជប៉ុនបានគ្រប់គ្រងមីយ៉ាន់ម៉ារហូតដល់ឆ្នាំ១៩៤៥ ហើយលោក អោង សាន បានងើបឡើងប្រឆាំងនឹងជប៉ុនវិញ ប៉ុន្តែប្រទេសទាំង២ នៅតែមានទំនាក់ទំនងជិតស្និទនឹងគ្នាដដែល។ ជាពិសេសនៅពេល មីយ៉ាន់ម៉ាធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចកាលពីជាង១០ឆ្នាំមុន ជប៉ុនបានចេញមុខមុនគេដោយជួយបង្កើតទីផ្សារហ៊ុន Yangon Stock Exchange និងប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសតែមួយគត់របស់មីយ៉ាន់ម៉ា។

គិតត្រឹមខែមេសាកន្លងទៅ ជប៉ុនជាដៃគូវិនិយោគធំទី៣ របស់មីយ៉ាន់ម៉ា តាមពីក្រោយសិង្ហបុរី និងចិន ជាមួយទំហំវិនិយោគជិត ២.៤ពាន់លានដុល្លារ ពីឆ្នាំសារពើពន្ធ ២០១៦-២០១៧។ លោកស្រី ម៉ូហ្សូ ហ្សា (Moe Thuzar) ជាមន្ត្រីជាន់ខ្ពស់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីបាននិយាយថារដ្ឋាភិបាលជប៉ុន មានការព្រួយបារម្ភលើសេដ្ឋកិច្ច និងសន្តិសុខរបស់មនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាជាងការដាក់ទណ្ឌកម្មលើរបបយោធា។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោង សាន ស៊ូជី កាលពីខែកុម្ភៈ មកម្ល៉េះ ហើយបើតាមក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុក មនុស្សយ៉ាងហោច៨៧០នាក់ បានស្លាប់នៅក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕

ប្រភព៖ Bloomberg (ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១)