(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឲ្យបញ្ឈប់ការចែកចាយ និងប្រើប្រាស់ជាបន្ទាន់ នូវអាល់កុលក្លែងក្លាយជាង៧ម៉ឺនលីត្រ ដែលបង្ក្រាប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា អាល់កុលក្លែងក្លាយ (ប្រើសារធាតុមេតាណុលលើសកំរិត តាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ និងក្រសួងសុខាភិបាល) ចំនួន ៧៤,០៦០លីត្រ ដែលបានធ្វើការបង្ក្រាបនៅទីតាំងស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការ បានរកឃើញទីតាំងមួយចំនួនបានបញ្ជាទិញអាល់កុលទាំងនេះ យកទៅចែកចាយបន្ត និងប្រើប្រាស់ ដែលជាប្រភេទអាល់កុល ៖

* អាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
* គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេស មេរោគកូវីដ-១៩ អ្វីទាំងអស់។
* ពុំមានច្បាប់អនុញ្ញាត ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបន្តថា ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់ការចរាចរអាល់កុលក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដើម្បីអនុវត្តតាមនីតិវិធីតុលាការ គណៈកម្មាធិការសូមជម្រាបជូនដល់មន្ទីរពេទ្យ គ្រឹះស្ថានឱសថស្ថាន ឱសថស្ថានរង ទីកន្លែងប្រកបអាជីវកម្មនានា និងសាធារណជន ដែលបានបញ្ជាទិញអាល់កុលក្លែងក្លាយពីទីតាំងខាងលើដូចខាងក្រោម៖

១៖ បញ្ឈប់ការចែកចាយ និងប្រើប្រាស់អាល់កុលក្លែងក្លាយទាំងនេះ ជាបន្ទាន់។
២៖ ប្រគល់អាល់កុលក្លែងក្លាយទាំងនេះ មកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ដែលស្ថិតក្នុងក្រសួងមហាផ្ទៃ (អគារ H) ក្នុងអំឡុងពេល០១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីយក ទៅកម្ទេចចោល តាមនីតិវិធីតុលាការ៕